(វ៉ាសូវី)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ គឺក្រសួងការពារជាតិប៉ូឡូញ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានឱ្យដឹងថា សមយុទ្ធយោធារបស់អង្គ ការ NATO ហៅថា Defender Europe 2022 និង Swift Response 2022 បានចាប់ផ្តើមប្រព្រឹត្ត ទៅហើយ នៅក្នុងប្រទេសអឺរ៉ុបចំនួន៩ រួមមានទាំងប៉ូឡូញ។
យោងតាមក្រសួងការពារជាតិប៉ូឡូញ សមយុទ្ធយោធាទាំងពីរខាងលើ នឹងបន្តរហូតដល់ថ្ងៃទី២៧ ខែឧសភា គឺសឹងតែពេញមួយខែនេះតែម្តង ហើយមានការចូលរួមដោយកងទ័ពសរុប ១៨,០០០ នាក់ មកពីប្រទេសជាង២០។ ក្នុងនោះ កងទ័ពជាង ៧,០០០នាក់ មកពី NATO និងប្រទេសជាដៃគូ នឹងចូលរួមក្នុងសមយុទ្ធទាំងនេះ នៅប៉ូឡូញ។
ដោយឡែក ក្រសួងការពារជាតិប៉ូឡូញ បានគូសបញ្ជាក់ថា សមយុទ្ធទាំងពីរ គឺជាលំហាត់យោ ធាការពារខ្លួន ដែលមិនមានគោលដៅ ប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយមិនជាប់ពាក់ ព័ន្ធទៅនឹង ស្ថានការណ៍ភូមិសាស្រ្តនយោបាយបច្ចុប្បន្ន នៅក្នុងតំបន់នោះទេ។
គួរបញ្ជាក់ថា សមយុទ្ធយោធា Defender Europe និង Swift Response ត្រូវបានផ្តួចផ្តើមនិង រៀបចំដោយយោធាអាមេរិក ក្រោមគោលបំណង ពង្រឹងកិច្ចសហប្រតិបត្តិការ ការត្រៀមលក្ខណៈ និងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា រវាងអាមេរិក សម្ព័ន្ធមិត្ត និងបណ្តាប្រទេសជាដៃគូយោធា របស់ NATO៕