(កូប៉ិនហាក)៖ តាមការដកស្រង់ផ្សាយ ពីសារព័ត៌មាន Al-Jazeera នៅថ្ងៃចន្ទ ទី២ ខែឧសភា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ដាណឺម៉ាក និងស៊ុយអែត បាននាំគ្នាកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ ប្រទេសរបស់ ពួកគេ ជុំវិញករណីដែលយន្តហោះចារកម្មរុស្ស៊ី បានហោះហើររំលោភចូល ដែន អាកាសនៃប្រទេស ទាំងពីរ។
អាជ្ញាធរនៃប្រទេសដាណឺម៉ាក និងស៊ុយអែត បានរាយការណ៍ថា យន្តហោះរុស្ស៊ីមួយគ្រឿងនោះ បានហោះចូលដែនអាកាសរបស់ដាណឺម៉ាក នៅភាគខាងកើតនៃកោះ ប៊នហូល (Bornholm) កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន (ម៉ោងក្នុងតំបន់) ហើយក្រោយមក ក៏បានបន្តហោះចូល ដែន អាកាសរបស់ស៊ុយអែតថែមទៀត។
រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក ហ្សេបប៉េ កូហ្វូត (Jeppe Kofod) បាននិយាយថា «ដាណឺម៉ាក មាននីតិវិធី សម្រាប់ករណីប្រភេទនេះ គឺរួមមានការកោះហៅតំណាងនៃប្រទេសពាក់ព័ន្ធ មកកាន់ ក្រសួងការបរទេស។ ការបំពានជាថ្មីដោយរុស្ស៊ី មកលើដែនអាកាសដាណឺម៉ាកនេះ គឺជារឿងមិន អាចទទួលយកបានដាច់ខាត ជាពិសេសចំពោះមុខ ស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ន»។
រីឯក្រសួងការបរទេសស៊ុយអែត ក៏បានប្រកាសពីចំណាត់ការស្រដៀងគ្នានេះដែរ គឺការកោះហៅ ឯកអគ្គរដ្ឋទូតរុស្ស៊ី នៅទីក្រុង ស្តុកខុល (Stockholm) ខណៈរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក ផេតធឺ ហ៊ូលគ្វីស (Peter Hultqvist) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សកម្មភាពបែបនេះគឺ «គ្មានវិជ្ជាជីវៈ និងមិនសមរម្យ»៕