លោក ម៉ាក្រុង អះអាងថាកិច្ចសន្ទនាជាមួយលោក ពូទីន ជាប់គាំង ក្រោយមានការសម្លាប់រង្គាលនៅ អ៊ុយក្រែន

(ប៉ារីស)៖ តាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមេសា ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយនៅថ្ងៃចន្ទ សប្តាហ៍នេះថាកិច្ចសន្ទនារវាងលោក និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានជាប់គាំង បន្ទាប់ពីការសម្លាប់យ៉ាងរងា្គលត្រូវបានរកឃើញ នៅក្នុងប្រទេសអ៊ុយក្រែន។

ថ្លែងប្រាប់ទូរទស្សន៍បារាំង លោក ម៉ាក្រុង បានលើកឡើងយ៉ាងដូច្នេះថា «ចាប់តាំងពីមានការសម្លាប់ ដែលយើងបានរកឃើញក្នុងទីក្រុង ប៊ូចា (Bucha) និងទីក្រុងផ្សេងទៀតរបស់អ៊ុយក្រែន ខ្ញុំមិនធ្លាប់ បាននិយាយដោយផ្ទាល់ជាមួយលោកពូទីនឡើយ ហើយខ្ញុំក៏មិនបដិសេធថានឹងមិន ជួបលោកពូទីន ទៀតនោះដែរ»

ដោយឡែកឆ្លើយតបនឹងសំណួរថាតើហេតុអ្វីបានជាលោកមិនយកគំរូតាមមេដឹកនាំលោកខាងលិចផ្សេងទៀត ដោយធ្វើដំណើរទៅកាន់ រដ្ឋធានីកៀវ, លោក ម៉ាក្រុង បានបញ្ជាក់ថា «វាមិនមានភាពចាំ បាច់ទេ ក្នុងការបង្ហាញទស្សនៈផ្ទាល់ខ្លួនចំពោះអ៊ុយក្រែន, ខ្ញុំនឹងទៅកាន់ទីនោះ ប៉ុន្តែត្រូវប្រាកដថានឹង ទៅដើម្បីនាំមកវិញនូវផលប្រយោជន៍ សម្រាប់ការបញ្ចប់ជម្លោះ មិនមែនគ្រាន់តែ ដើម្បីបង្ហាញការ គាំទ្រចំពោះ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) នោះទេ»

គួរបញ្ជាក់ថា ជារឿយៗ វិមានក្រឹមឡាំង បានអះអាងថា សកម្មភាពរបស់ទីក្រុងមូស្គូ គឺជាប្រតិបតិ្ត ការយោធាពិសេស ដើម្បីលុបបំបាត់យោធា និងរំដោះអ៊ុយក្រែនពីក្រុមជាតិនិយមជ្រុល និងបាន ច្រានចោលការចោទប្រកាន់ថាកម្លាំងរបស់ខ្លួនសម្លាប់ប្រជាជនស៊ីវិល ពិសេសគឺនៅក្នុងទីក្រុង Bucha៕