ស្រីលង្កា ប្រឈមមុខជិតអស់ថ្នាំព្យាបាលអ្នកជំងឺ ខណៈវិបត្តិកាន់តែមានសភាពធ្ងន់ធ្ងរ


 (កូឡុំបូ)៖  យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា វេជ្ជបណ្ឌិតក្នុងប្រទេសសី្រលង្កា បានព្រមានកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះថា ពួកគេជិតអស់ថ្នាំសម្រាប់សង្រ្គោះជីវិត អ្នកជំងឺហើយ ខណៈវិបត្តិសេដ្ឋ កិច្ចនៃប្រទេសដែនមួយនេះ បានគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺ ខ្លាំងជាងជំងឺរាតត្បាតកូវីដ១៩ ទៅទៀត។

បើតាមសមាគមវិជ្ជសាស្រ្តសីលង្កា ហៅកាត់ថា SLMA មន្ទីរពេទ្យទាំងអស់ក្នុងប្រទេស ប្រហែលជា លែងមានលទ្ធភាពនាំចូលឧបករណ៍ វេជ្ជសាស្រ្ត និងថ្នាំពេទ្យសំខាន់ៗទៀតហើយ រីឯការវះកាត់ធម្ម តាជាច្រើន ត្រូវបានផ្អាកចាប់តាំងពីខែមីនាមក ហើយសូម្បីតែការវះកាត់បន្ទាន់ ក៏ទំនងជាមិនអាចធ្វើ ទៅបានក្នុងពេលឆាប់ៗនេះនោះដែរ។

នៅក្នុងលិខិតមួយផ្ញើជូនលោកប្រធានាធិបតី ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) SLMAបានព្រមានអំពីស្ថានភាពនេះដូច្នេះថា «យើងមានការលំបាកក្នុងការសម្រេចចិត្តថាតើនណាអាចទទួលបានការព្យាបាលមុន។ ប្រសិនបើការផ្គត់ផ្គង់មិនត្រូវបានស្តារឡើងវិញ ក្នុងរយៈពេល ប៉ុន្មានថ្ងៃនេះទេ នោះអ្នកស្លាប់ និងជនងគ្រោះ នឹងកាន់តែអាក្រក់ជាងជំងឺរាតត្បាតទៅទៀត»

សូមជម្រាបថា ការដាច់ចរន្តអគ្គិសនីរយៈពេលជាច្រើនសប្តាហ៍, កង្វះខាតស្បៀងអាហារ ប្រេង ឥន្ធនៈ និងឱសថ បាននាំមកនូវទុក្ខលំបាកយ៉ាងខ្លាំង សម្រាប់ប្រទេសស្រីលង្កា ដែលកំពុងប្រឈម នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨មក៕