ពេលនេះប្រទេសលើពិភពលោកបង្កើតសំណល់ប្លាស្ទីកជាង៤០០លានតោន

ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្នពិភពលោកបង្កើតសំណល់ប្លាស្ទីកមិនតិចជាង៤០០លានតោន គ្រាដែលប្លាស្ទីកមិនដល់ ១០ភាគរយផង ត្រូវបានយក មកកែច្នៃឡើងវិញ។ គេព្យាករថា ចាប់ពីឆ្នាំ ២០២៥ ខាងមុខ ប្លាស្ទិកនៅទូទាំងពិភពលោក នឹងឡើងដល់ប្រមាណ ៦០០លានតោន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា យោងតាមរបាយការណ៍ ចាប់តាំងពីការបង្កើតប្លាស្ទិកដំបូងរហូតដល់ឆ្នាំ២០១៥ សំណល់ប្លាស្ទិកនៅលើពិភពលោកមានចំនួនប្រមាណជាជាង ៨,៣ពាន់លានតោន ហើយរហូតមកដល់បច្ចុប្បន្ននេះ មានតែ ៩% តែប៉ុណ្ណោះនៃសំណល់ប្លាស្ទិក ដែលត្រូវបានយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ។

នៅពេលបច្ចុប្បន្ននេះប្លាស្ទិកចំនួន ៤០០លានតោនត្រូវបានផលិត ហើយគេព្យាករណ៍ថា ចាប់ពីឆ្នាំ ២០២៥ ខាងមុខ ប្លាស្ទិកប្រមាណ ៦០០លានតោននឹងត្រូវផលិតនៅលើពិភពលោក។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា សំណល់ប្លាស្ទិកកើនឡើងជារៀងរាល់ឆ្នាំ ដែលជាក្តីកង្វល់មួយសម្រាប់ពិភពលោក ហើយនៅឆ្នាំ ២០៥០ ខាងមុខ សំណល់ប្លាស្ទិកនឹងអាចកើនឡើងដល់ ៣៤ពាន់លានតោន។ នៅឆ្នាំ ២០៥០ នេះ ប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជា សំណល់សំរាម ដែលបានបង្កើតឡើងនៅក្នុងមួយឆ្នាំមានប្រមាណជាង ៤លានតោន ក្នុងនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។ ខេត្ត-រាជធានីធំៗ ដែលបង្កើតបរិមាណសំរាមច្រើនរួមមាន ៖ រាជធានីភ្នំពេញប្រមាណជា ៣០០០ តោនក្នុងមួយថ្ងៃដែលនៅក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។ ក្នុងមួយថ្ងៃ រាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០ លានថង់។ ចំណែកនៅក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ ៧០០តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០តោនក្នុងមួយថ្ងៃ។ តាមការប៉ាន់ប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាប មាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។

យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង២០០០ថង់ នៅក្នុងមួយឆ្នាំ។ លោក នេត្រ ភក្ត្រា បានបន្ថែមថា បើនិយាយនៅក្នុងក្របខណ្ឌទូទាំងប្រទេស សំណល់សំរាមកើនឡើងប្រមាណ១០% នៅក្នុងមួយឆ្នាំ ដោយសារតែកត្តាកំណើនប្រជាជនកំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូររបៀបរស់នៅ ការផ្លាស់ប្តូរេរបៀបនៃការវេចខ្ចប់ទំនិញផ្សេងៗ ពោលគឺប្រជាពលរដ្ឋបានងាកមកប្រើប្រាស់របស់របរវេចខ្ចប់ដែលងាយៗ គឺថង់ប្លាស្ទិក៕