(វ៉ាស៉ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២ គឺមន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងការពារជាតិអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថាកងទ័ពរុស្ស៊ី ប្រហែលពីរភាគបី បានដកថយចេញពី ជុំវិញទីក្រុងកៀវ (Kyiv) និងបានប្រមូលផ្ដុំគ្នានៅក្នុងប្រទេសបេឡារុស ជាកន្លែងដែលពួកគេត្រូវ បានគេរំពឹងថា នឹងចាប់ផ្ដើមប្ដូរយុទ្ធសាស្រ្តដាក់ពង្រាយឡើងវិញ នៅកន្លែងផ្សេងទៀតក្នុងប្រទេស អ៊ុយក្រែន។ មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកខាងលើ បានបញ្ជាក់ដូច្នេះថា «យើងនៅតែវាយ តម្លៃថា ភាគច្រើននៃក្រុមកងវរសេនាតូចច្រើនជាង ១២៥ក្រុម ដែលរុស្ស៊ីបានដាក់ពង្រាយ ដើម្បីការ ឈ្លានពាននេះ គឺនៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែននៅឡើយ»។ មន្ត្រីរូបនេះបានបន្ថែមថា «កងកម្លាំងរុស្ស៊ីដែល បានដកថយចេញពីជុំវិញទីក្រុងកៀវ ទំនងជាត្រូវបាន បង្វែរទិសដៅឆ្ពោះទៅភាគខាងកើតនៃប្រទេសអ៊ុយក្រែនវិញ ប៉ុន្តែនៅតែមិនទាន់ត្រូវបាន បញ្ជាក់ ច្បាស់លាស់នៅឡើយទេ។ អ្វីដែលយើងបន្តជឿនោះគឺថា ពួកគេនឹងចាប់ផ្ដើមប្ដូរយុទ្ធសាស្រ្ត ជាមួយ ការផ្គត់ផ្គង់ និងការកំណត់ទីតាំង របស់ខ្លួនឡើងវិញ ប្រហែលជាថែមទាំងពង្រឹងកងកម្លាំងបន្ថែម ហើយបន្ទាប់មកបញ្ជូនត្រឡប់ទៅប្រទេសអ៊ុយក្រែនវិញ ដើម្បីបន្តការវាយប្រហារ ទ្វេដងនៅកន្លែង ផ្សេងទៀត»៕