ថៃ មាន មនុស្ស ២១,០៨៨នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៩១នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃ អង្គារនេះ


(បាងកក)៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post អោយដឹងថាក្រសួង សុខាភិបាលថៃ នៅថ្ងៃអង្គារ ទី០៥ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញ ករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន២១,០៨៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុង ក្រោយនេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២០,៩៩៥ករណីជាករណីឆ្លងក្នុងសហគមន៍ និង ៩៣ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៩១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដូចគ្នា ខណៈអ្នកជំងឺចំនួន ២៧,៥១៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ៣,៧៥៧,៥៧៥ករណី ក្នុងនោះមានអ្នកស្លាប់ ២៥,៦០៣នាក់ និងអ្នកជា សះស្បើយឡើងវិញគឺ ៣.៤៨លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣០លានដូស ក្នុងនោះប្រជាជនជាង ៥០.២៥លាន នាក់ (៧២.០% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៣.៩៤លាននាក់ (៣៤.៣%) បានចាក់ដូសជំរុញ៕