ឯកអគ្គរដ្ឋទូតថ្មីប៉ាគីស្ថាន ស្នើសម្តេចប្រធានរដ្ឋសភាកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភា ប្រទេសទំាងពីរបន្ថែមទៀត

 (ភ្នំពេញ)៖ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានស្នើសម្តេចប្រធានរដ្ឋសភា បន្តជួយជំរុញ ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន មានអនុស្សរណៈយោគយល់គ្នា (MOU) ហើយលោកអនុប្រធានរដ្ឋ សភាប៉ាគីស្ថាន បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីឆ្នាំកន្លងទៅ។

រដ្ឋសភាកម្ពុជានិងប៉ាគីស្ថានបានគំាទ្រគ្នាទៅវិញទៅមកនៅលើវេទិកាសភានៅលើឆាកអន្តរជាតិនិងបានសន្យាថា ខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀត ពិសេស ការផ្លាស់ប្តូរដំណើរទស្សនកិច្ច បទពិសោធន៍ជាមួយគ្នានៅគ្រប់កម្រិត។

សម្តេច ហេង សំរិន បានមានប្រសាសន៍លើកឡើងថា រដ្ឋសភាកម្ពុជា និងប៉ាគីស្ថាន បានធ្វើទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អប្រសើរ ពិសេសលើវិស័យការទូតសភា ដោយ បានគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភាតំបន់ និងសកលលោក។ រដ្ឋសភាកម្ពុជាធ្លាប់បានគាំទ្រសភាប៉ាគីស្ថាន ជាអនុប្រធាន អាយភីយូ និងសភាអងេ្កតការណ៍របស់ អាយប៉ា។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា នៅចុងឆ្នាំ២០២២នេះ សភា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកទី៤៣ នៃ មហាសន្និបាតអាយប៉ា ហើយសង្ឃឹមថា សភាប៉ាគីស្ថាន នឹងមានវត្តមាននៅក្នុងមហាសន្និបាតAIPAនេះ។

លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម និងពាំនាំប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ជូនថ្នាក់ដឹកនាំរដ្ឋសភាប៉ាគីស្ថាន និងបានសម្តែងការជឿជាក់ថា រដ្ឋសភាប៉ាគីស្ថាននឹងមានវត្តមាន នៅក្នុងមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចផងដែរ ពីលទ្ធផលនៃជំនួបពិភាក្សាការងារជាមួយប្រមុខ ដឹកនាំរាជរដ្ឋាភិបាល កម្ពុជា ថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ដែលលោកបានចូលជួបសម្តែងការ គួរសមនៅក្នុងពេលផ្តើមបំពេញបេសកកម្មការ ទូតនៅកម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងការ ទូតប្រទេសទំាងពីរដែលមានរយៈពេលជាង៧០ឆ្នាំមកហើយនោះ កាន់តែរឹងមាំលើគ្រប់វិស័យបន្ថែម ទៀត។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងសាទរចំពោះកិច្ចសហ ប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដោយ បានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរជាតិនានា ជាពិសេសរបៀបវារៈសកល ដែលជាគោល នយោបាយស្នូលនាពេលបច្ចុប្បន្ន។

សម្តេចសូមលើកទឹកចិត្តដល់រដ្ឋាភិបាលប្រទេសទាំងពីរ បន្តថែរក្សា និងលើកកម្ពស់កិច្ចសហ ប្រតិបត្តិការដ៏ល្អនេះ ឱ្យកាន់តែប្រសើរឡើងថែមទៀត លើវិស័យអាទិភាពនានា ជាពិសេសវិស័យ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងវប្បធម៌ ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ក៏ដូចជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព និងវឌ្ឍនភាពក្នុងតំបន់ និងសកលលោក ផងដែរ៕