សេតវិមាន បានលើកឡើងថា លោក ពូទីន ត្រូវបានមន្ត្រីទីប្រឹក្សារបស់លោកកុហក ពីស្ថានភាពពិត ក្នុងសង្រ្គាម អ៊ុយក្រែន


 (វ៉ាស៊ីនតោន)៖  តាមសេតវិមាន ដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ គឺបានប្រាប់អោយដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ទទួលបានព័ត៌មានខុសពីក្រុមមន្ត្រីទីប្រឹក្សារបស់លោក ពាក់ព័ន្ធនឹងសកម្មភាពយោធា រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងផលប៉ះពាល់នៃទណ្ឌកម្មលោកខាងលិចលើសេដ្ឋកិច្ចរបស់រុស្ស៊ី។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកស្រី ខេត បេដីង ហ្វៀល (Kate Bedingfield) ជានាយកទំនាក់ទំនងសេវិមាន បានគូសបញ្ជាក់ដូច្នេះថា «យើងទទួល បានព័ត៌មានថាលោក ពូទីន ទទួលបានព័ត៌មានខុសពីយោធារុស្ស៊ី ដែលនេះ បង្កឱ្យមានភាពតានតឹង រវាងលោក ពូទីន និងថ្នាក់ដឹកនាំយោធារបស់លោក»។ លោកស្រីបន្តទៀតថាលោក ពូទីន ទទួល បានព័ត៌មានខុសទាំង នោះដោយសារតែក្រុមមន្ត្រីទីប្រឹក្សារបស់លោក ខ្លាចមិនហ៊ានប្រាប់ពីការពិត ពីឥទ្ធិពលនៃទណ្ឌកម្មលោកខាងលិច និងបរាជ័យរបស់យោធារុស្ស៊ី នៅអ៊ុយក្រែន។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក, មកទល់នឹងពេលនេះលោក ពូទីន មិន បានដឹងច្បាស់លាស់ពីសកម្មភាពយោធារុស្ស៊ី និងប្រសិទ្ធភាពនៃបទបញ្ជារបស់លោក នៅអ៊ុយក្រែន នោះទេ។ ប៉ុន្តែ ខាងវិមានក្រឹមឡាំងក៏មិនបានធ្វើអត្ថាធិប្បាយអ្វី ជុំវិញការលើកឡើងរបស់ សេត វិមាននោះដែរ៕