(ឡុងដ៍)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា ឆ្នាំ២០២២ ប្រាប់អោយដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បាន និយាយថាចក្រភពអង់គ្លេសមិនមានបំណងប្ដូររបបដឹកនាំ នៅក្នុងប្រទេសរុស្ស៊ី ឬក៏ បណ្ដេញលោក ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចេញពីអំណាចនោះទេ តែមានគោលបំណងជួយការពារប្រជាជនអ៊ុយ ក្រែននៅក្នុងសង្រ្គាម តែប៉ុណ្ណោះ។
លោក ចូ បៃដិន កាលពីសប្ដាហ៍មុនក៏ធ្លាប់បានលើកឡើងដែរថាលោក ពូទីនមិនអាចបន្តកាន់ អំណាចតទៅទៀតនោះទេ ដែលនេះបានបង្កឱ្យមាន ការចោទសួរថាតើនេះជាគោលនយោបាយ ការបរទេសរបស់សហរដ្ឋអាមេរិក ឬជាផែនការប្ដូររបបដឹកនាំនៅរុស្ស៊ី ឬក៏យ៉ាងណា។ ប៉ុន្តែក្រោយ មកប្រធានាធិបតីអាមេរិករូបនេះបានអះអាងថាអ្វីដែលលោកបានលើកឡើងគឺនិយាយដោយកំហឹងផ្ទាល់ខ្លួន ចំពោះការឈ្លានពានរបស់រុស្ស៊ីលើ អ៊ុយក្រែន។
ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក បៃដិននេះដែរ, លោក ចនសុន បានសង្កត់ធ្ងន់ថាលោកយល់ពីអារម្មណ៍ដែល មនុស្សមួយចំនួនខកចិត្តលើលោក ពូទីន។ ថ្លែងទៅកាន់សមាជិកសភាអង់គ្លេស នៅថ្ងៃពុធសប្ដាហ៍នេះ លោក ចនសុន បានបញ្ជាក់ដូច្នេះ ថា «ការផ្លាស់ប្ដូររដ្ឋាភិបាលគឺជាកម្មវត្ថុមួយនៃដំណើរការ ឬនយោបាយប្រជាធិបតេយ្យ។ ប៉ុន្តែ វាមិន មែនជាកម្មវត្ថុ ឬគោលបំណងរបស់រដ្ឋាភិបាល អង់គ្លេស ហើយអ្វីដែលយើងកំពុងធ្វើគឺដើម្បីការពារ ប្រជាជនអ៊ុយក្រែនប្រឆាំងនឹងអំពើហិង្សា និងការឈ្លានពាន»។
គួរបញ្ជាក់ថា បើតាមលោក បូរីស ចនសុន ទណ្ឌកម្ម ឬការដាក់សម្ពាធទាំងឡាយ គួរតែបន្តអនុវត្ត លើលោក ពូទីន បើទោះជាបទឈប់បាញ់ ក៏ដោយ ពោលគឺទណ្ឌកម្មត្រូវតែបន្ត រហូតទាល់កងទ័ព រុស្ស៊ីទាំងអស់ដកចេញពីអ៊ុយក្រែន៕