ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពី ការផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ


ព្រឹកថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីកា រផ្តល់សេវារដ្ឋបាលរបស់ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងការិយាល័យច្រកចេញចូលក្រុង ស្រុកទាំង៥ តាមរយៈប្រព័ន្ធវីដេអូ Zoom Meeting។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បើកកិច្ចប្រជុំដោយគូសបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ គឺដើម្បីស្តាប់របាយការណ៍ការិយាល័យច្រកចេញចូលតែមួយរបស់ក្រុងស្រុកទាំង៥ នៅក្នុងខេត្តព្រះ សីហនុ។ តាមការបេ្តជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងផ្អែកលើសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត បានរម្លឹកដល់មន្ត្រីរបស់យើង ត្រូវខិតខំយកចិត្តទុកដាក់បំរើសេវាសាធា រណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យបានលឿន និងមានតម្លាភាព។

ឯកឧត្តមអភិបាលខេត្តបានបន្តថា រដ្ឋបាលខេត្តបានរៀបចំកិច្ចប្រជុំ ចំនួន០៤លើករួចមកហើយ ដើម្បីជម្រុញសេវាកកស្ទះមួយចំនួននៅអង្គភាពច្រកចេញចូលតែមួយខេត្ត។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់យើងបានធ្វើការដោះស្រាយនូវសេវាកកស្ទះបានជាច្រើនករណី។ ស្របតាមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា យើងត្រូវរួមគ្នាដោះស្រាយជម្រុញការបំរើសេវា សាធារណៈ និងបំរើសេវានៅតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយឱ្យកាន់តែប្រសើរ បន្ថែមទៀត។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កិច្ចប្រជុំនាពេលនេះ ផ្តោតសំខាន់លើការ ពិនិត្យឯកសារដែលនៅកកស្ទះ តើក្រុង ស្រុកនីមួយៗនៅមានសេវាប៉ុន្មានដែលនៅសេសសល់កក ស្ទះ ដូច្នេះយើងត្រូវរួមគ្នាគិត រួមគ្នាដោះស្រាយទៅតាមតួនាទីភារកិច្ចឱ្យបានល្អលឿនជាគោល ដៅដែលយើងចង់បាន។ ត្រូវតាមដានជម្រុញការងារបំរើសេវាសាធារណៈ និងធ្វើការដោះស្រាយ សេវាកកស្ទះនៅតាមការិយាល័យច្រកចេញចូលតែមួយតាមក្រុងស្រុកឱ្យមានតម្លាភាព និងទទួល បានលទ្ធផលតាមការរំពឹងទុក។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ការិយាល័យច្រកចេញចូលតែមួយក្រុងស្រុក ត្រូវបង្កើតក្រុមការងារចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មតាមដែនសមត្តកិច្ចរបស់ខ្លួន ឱ្យមកសុំសេវានៅតាមការិយាល័យច្រកចេញចូលតែមួយ ដើម្បីយើងមានទិន្នន័យក្នុងការគ្រប់គ្រង ឱ្យមានសណ្តាប់ធ្នាប់ និងមានគុណភាព។ រដ្ឋបាលក្រុងស្រុកត្រូវប្រជុំជាមួយការិយាល័យច្រកចេញចូលតែមួយ ផ្តោតលើបញ្ហាប្រឈម និងត្រូវកៀរគរវិស័យដែលនៅសេសសល់ ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវានៅតាមការិយាល័យ ច្រកចេញចូលតែមួយ៕