(ភ្នំពេញ)៖ ២ខែដើមឆ្នាំ២០២២នេះ កម្ពុជារកចំណូលបានជាង៧៧លានដុល្លារ ពីការនាំចេញជ័រ កៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែល ទទួលបាននៅ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។ របាយការណ៍បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២ ២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៧៧,២៣៤,១១៦ដុល្លារ ក្នុងនោះ ចំណូល ពីការនាំចេញជ័រកៅស៊ូ ចំនួន៧៦,៨៧៨,១៧០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៣៥៥,៩៤៦ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន៤៨,៥០៩តោន កើនឡើងចំនួន២,៥៣៦តោន ស្មើនឹង៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ មុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន៨០៨ម៉ែត្រគូប កើនឡើង៦៦%។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ថ្លៃ១,៥៨៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២ដុល្លារ ក្នុងមួយតោន ស្មើនឹង០,១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រ មានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង ២៣%។ គូសបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញ ជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើ កៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕