(ប៉េកាំង)៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២ ប្រាប់អោយដឹងថា ក្រុមអ្នកជួយសង្រ្គោះ កំពុងបន្តប្រតិបត្តិការស្វែងរក ប្រអប់ខ្មៅទី២ នៃយន្តហោះ ដែល បានធ្លាក់នៅឯតំបន់ភ្នំ និងមានអ្នកដំណើរ ១៣២នាក់ នៅលើ នោះខណៈព័ត៌មានជាច្រើនពាក់ព័ន្ធ នឹងពីឡុតបើកយន្តហោះត្រូវបានចេញផ្សាយជាបណ្ដើរៗ។
មន្រ្តីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC) បានប្រាប់អ្នកយកព័ត៌មានថា ផ្អែកតាមការវាយតម្លៃ, ប្រអប់ខ្មៅដំបូងដែលបានរកឃើញ កាលពីថ្ងៃពុធម្សិលមិញ គឺជា «ឧបករណ៍ថតសំឡេងក្នុងកាប៊ីន យន្តហោះ»។ មន្រ្តីរូបនេះបន្តទៀតថា ឧបករណ៍ថតសំឡេងត្រូវបានរកឃើញ ដោយនៅមានសភាព ល្អ ហើយត្រូវបានបញ្ជូនទៅកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើការវិភាគ។ ឧបករណ៍នេះនឹងជួយដល់ដំណើរការស៊ើបអង្កេតអំពីព័ត៌មានលម្អិតនៃ ស្ថានភាពរបស់ពីឡុតទាំង៣ នាក់ មុនពេលយន្តហោះ Boeing 737-800 បានធ្លាក់។
សូមបញ្ជាក់ថា ជើងហោះហើរ MU5735 បានធ្វើដំណើរពីទីក្រុង គុនមីង (Kunming) ភាគនិរតី ទៅកាន់ទីក្រុងក្វាងចូវ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ហើយ បានធ្លាក់ភ្លាមៗដោយមិនទាន់ដឹងមូលហេតុ នៅឯតំបន់ភ្នំមួយកន្លែង។ រហូតមកល់ពេលនេះ មិនទាន់មានមនុស្សណាម្នាក់ត្រូវបានគេរកឃើញថា នៅរស់រានមានជីវិតនោះទេ រីឯប្រតិបត្តិការស្វែងរកកំពុងបន្តធ្វើឡើង៕