ភ្នំពេញ ៖ លោក ឆាយ សុផល សាស្ត្រាចារ្យផ្នែកសារព័ត៌មាន បានដាក់បង្ហាញសៀវភៅ ស្នាដៃទី១០ ដែលមានចំណងជើងថា «ប៊ុន រ៉ានី ភរិយា បុរសខ្លាំងនៃកម្ពុជា» នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩។ សៀវភៅនេះ គឺបានរៀបរាប់ពីប្រវត្តិ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលឆ្លងកាត់កាលៈទេសៈដ៏លំបាកគ្រប់បែបយ៉ាងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ពិធីនេះធ្វើឡើងនៅ ប៊ុកកាហ្វេស្ថិតនៅក្នុងបុរីមហាសែនសុខ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងសន្និសីទសារព័ត៌មាននៅព្រឹកម៉ិញ លោក ឆាយ សុផល សាស្ត្រាចារ្យព័ត៌មាន និងបច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានបញ្ជាក់ថាសៀវភៅ«ប៊ុន រ៉ានី ភរិយា បុរសខ្លាំងនៃកម្ពុជា នឹងត្រូវយកទៅចែកជូនសាកលវិទ្យាល័យ និងបណ្ណាល័យធំៗក្នុងខេត្ត-ក្រុង ដើម្បីឲ្យជនរួមជាតិបានអានជាពុទ្ធិជំនួយស្មារតី។ សៀវភៅនេះ ក៏នឹងបង្ហាញវត្តមានងពិធីពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ នៅបណ្ណាល័យជាតិ នាថ្ងៃទី១៣-១៥ ធ្នូ ព្រមទាំងចូលរួមអបអរទិវាខួបចម្រើនជន្មាយុរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ នេះ។ បើតាមលោកសាស្ត្រាចារ្យ ឆាយ សុផល សៀវភៅនេះ នឹងរំលេចជីវប្រវត្តិ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ការតស៊ូក្នុងរបបកម្ពុជាប្រជាធិបតេយ្យ និងការជំនះឧបសគ្គនានា រហូតក្លាយជាមាតាមនុស្សធម៌ និងជាស្ត្រីទី១នៃប្រទេសកម្ពុជា។ លោកពន្យល់ថា ដើម្បីបានសៀវភៅនេះ លោកបានសន្សំឯកសារជាច្រើនឆ្នាំ ដោយរួមទាំងការប្រមូលព័ត៌មានទាំងពីសម្តេចតេជោផង និងពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផង និងចំណាយពេលក្នុងការសរសេររយៈពេល១ឆ្នាំ។
សូមបញ្ជាក់ថា សៀវភៅនេះមានកម្រាស់ជាង៣០០ទំព័រ ដោយបានបោះពុម្ពចំនួន៣ម៉ឺនច្បាប់ សម្រាប់យកទៅចែកជូនសាកលវិទ្យាល័យ និងបណ្ណាល័យធំៗក្នុងខេត្ត-ក្រុង ដើម្បីឲ្យជនរួមជាតិបានអានជាពុទ្ធិជំនួយស្មារតី។ សៀវភៅនេះជាស្នាដៃទី១០ របស់លោក ឆាយ សុផល រួមជាមួយស្នាដៃនិពន្ធចំនួន៩ផ្សេងទៀត ដែលទទួលបានការចាប់អារម្មណ៏ខ្លាំងពីសំណាក់មិត្តអ្នកចូលចិត្ត អានសៀវភៅ៕