ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ១៩ ចំនួនជាង ៥២ម៉ឺនដូស ជាជំនួយរបស់ហុងគ្រី


 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៥២៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី។ វ៉ាក់សាំងជំនួយរបស់ប្រទេសហុងគ្រី ត្រូវបានដឹកមកដល់ប្រទេស កម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។

កម្ពុជា និងហុងគ្រី គឺជាប្រទេសមានចំណងមិត្តភាពដ៏ល្អ ហើយនៅពេលកម្ពុជាជួបការលំបាកក្រោយ រំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រទេសហុងគ្រី គឺជាប្រទេសមួយបានរួមចំណែក ជួយកម្ពុជាយ៉ាងខ្លាំងផងដែរ។ ជំនួយវ៉ាក់សាំងរបស់ប្រទេសហុងគ្រីនៅពេលនេះ គឺជាការបង្ហាញឱ្យ ឃើញនូវសមានចិត្ត និងការជួយជ្រោមជ្រែងរបស់ហុងគ្រី ជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅ ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមានទំនាក់ទំនងល្អនឹងគ្នា។

ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ គឺជាជម្រើសដ៏ចាំបាច់មួយនៅក្នុងយុទ្ធសាស្ត្រ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការវាយប្រហារ ដោយមេរោគកូវីដ១៩។ ឈរលើយុទ្ធសាស្ត្រនេះ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមេបញ្ជា ការកំពូលលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ១៩ បានជំរុញការចាក់វ៉ាក់សាំង និងរកវ៉ាក់សាំងប្រកប ដោយភាពរហ័សរហួនបំផុត។

កម្ពុជា ទទួលបានវ៉ាក់សាំងជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបានចាប់ផ្តើមបើក ការចាក់ជូនប្រជាពលរដ្ឋជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលបច្ចុប្បន្នកម្ពុជា កំពុងចាក់វ៉ាក់សាំងដូសមូលដ្ឋានជូនកុមារអាយុចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ ហើយកំពុងចាក់ដូសជំរុញជូនពលរដ្ឋអាយុចាប់ពី ៥ឆ្នាំឡើងផងដែរ។

ក្រោមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់សម្តេចតេជោ ជាមួយការប្រតិបត្តិដ៏រហ័សរហួនរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់នោះ មកដល់ពេលនេះកម្ពុជា សម្រេចការចាក់វ៉ាក់សាំងជូន ប្រជាពលរដ្ឋចាប់ពីអាយុ ៣ឆ្នាំឡើង បានជាង ៩២ភាគរយ ធៀបនឹងចំនួនប្រជាពលរដ្ឋនៅទូទាំង ប្រទេស។ គិតត្រឹមថ្ងៃទី១៨ ខែមីនា កម្ពុជា ចាក់ដូសទី១ បានចំនួនជិត ១៥លាននាក់, ដូសទី២ បានជិត ១៤លាននាក់, ដូសទី៣ បានជិត ៨លាននាក់, ដូសទី៤ បានជាង ១លាននាក់។

ការសម្រេចបានផែនការចាក់វ៉ាក់សាំង បានចំនួនច្រើនក្នុងល្បឿនដ៏លឿននេះ ក៏ដោយសារកម្ពុជា រកបានវ៉ាក់សាំងក្នុងល្បឿនមួយដ៏លឿនផងដែរ។ មកដល់ពេលនេះកម្ពុជា ទទួលបានវ៉ាក់សាំង សរុបជាង ៤៤លានដូស ហើយនៅសល់ក្នុងស្តុកជាង ៤លានទៀត។

បើតាមលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា វ៉ាក់សាំងនឹងត្រូវ ដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខ។ តាមផែនការដែលបានគ្រោងទុកនៃការមកដល់នៃវ៉ាក់សាំងនោះ កម្ពុជារំពឹងរកបានវ៉ាក់សាំងសរុប រហូតដល់ជិត ៥១លានដូស នៅត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។

តាមរយៈការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងដ៏លឿនជូនប្រជាពលរដ្ឋនេះ បានធ្វើឱ្យកម្ពុជាយក ឈ្នះលើការរាតត្បាតជំងឺកូវីដ១៩និងការពារបានខ្ពស់នូវអត្រាស្លាប់របស់ប្រជាពលរដ្ឋដោយសារជំងឺកូវីដ១៩ ហើយបានឈានដល់ការបើកដំណើរការសកម្មភាពសង្គមពេញលេញឡើងវិញ។

លទ្ធផលនេះ បាននាំឱ្យមានការកោតសរសើរយ៉ាងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការចំណាត់ ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាកិច្ចសហការទាំង ឡាយរបស់អាជ្ញាធរ និងការចូលរួមរបស់ប្រជាពលរដ្ឋ៕