ស្លូវ៉ាគី មានបំណងបញ្ជូនប្រព័ន្ធមីស៊ីល S-300 ឱ្យអ៊ុយក្រែន, តែអាមេរិកនៅតែស្ទាក់ស្ទើរ


 (ប្រាទីស្លាវ៉ា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២បានអោយដឹងថា រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគី លោក ហ្សារ៉ូស្លាវ ណាដ (Jaroslav Nad) បានអះអាងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ប្រទេសរបស់លោក មានបំណងផ្ដល់ប្រព័ន្ធ មីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ប្រសិនបើសម្ព័ន្ធមិត្ត NATO អាចរកអ្វីផ្សេងមក ជំនួសឱ្យស្លូវ៉ាគីវិញ។

លោក ហ្សារ៉ូស្លាវ ណាដ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសម ភាគីអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅឯក្រសួងការពារជាតិស្លូវ៉ាគី ក្នុងរដ្ឋធានី បា្រទីស្លាវ៉ា (Bratislava)។ លោក ហ្សារ៉ូស្លាវ បានបញ្ជាក់ដូច្នេះថា «យើងបាន និងកំពុងស្ថិតនៅក្នុង កិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក អ៊ុយក្រែន រួមទាំងសម្ព័ន្ធមិត្តដទៃស្ដីពីលទ្ធភាពក្នុងការដាក់ ពង្រាយ, បញ្ជូន ឬផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យអ៊ុយក្រែន ហើយយើងពិតជាមាន បំណងធ្វើដូច្នេះ»

ប៉ុន្តែ ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក អូស្ទីន មិនបានឆ្លើយតបថាតើសហរដ្ឋ អាមេរិកមានបំណង ឬទទួលយកសំណើរបស់ស្លួវ៉ាគី ឬក៏យ៉ាងណានោះទេ។ «ខ្ញុំមិនទាន់មានសេច ក្ដីថ្លែងការណ៍ណាមួយសម្រាប់អ្នកទាំងអស់គ្នាឡើយ នៅរសៀលនេះ។ តែនេះគឺជារឿងដែលយើងកំពុង បន្តធ្វើការជាមួយសម្ព័ន្ធមិត្តទាំងអស់របស់យើង ហើយជាការពិត នេះមិនមែនត្រឹមតែជាបញ្ហាសម្រាប់អាមេរិកទេ តែវាក៏ជាបញ្ហារបស់ NATO ដែរ»។ នេះជាការបញ្ជាក់របស់លោក អូស្ទីន៕