(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២ បានដឹកនាំក្រុមការងារក្រសួងពាណិជ្ជកម្ម ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីកំណែចុង ក្រោយ នៃផែនការយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី មុននឹងដាក់ឆ្លងទៅអន្តរក្រសួងពាក់ព័ន្ធចំនួន១៥ ដើម្បីពិនិត្យ និងសម្រចជាលើក ចុងក្រោយ។
ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងការកោតសរសើ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុម ការងារពាក់ព័ន្ធ ដែលបានសហការគ្នាយ៉ាងល្អក្នុងការសិក្សា និងចងក្រងឯកសារដ៏មានសារសំខាន់ នេះ សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅរួម ចំណែកក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញវិនិយោគ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម រដ្ឋមន្រ្តីបន្តថា គោលបំណងសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រនេះឡើង គឺដើម្បី ជ្រើសរើសទំនិញនាំចេញសក្ដានុពល ដោយប្រើប្រាស់ទីផ្សារ ដែលមានស្រាប់ ដើម្បីទាញយក ប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនោះ។ ក្នុងន័យនេះ ការ សិក្សានឹងបង្ហាញថា កម្ពុជាមានឧត្តមភាពប្រកួតប្រជែងខាងផលិតផលអ្វីសម្រាប់ធ្វើការនាំចេញ។ តើអ្វីជាបញ្ហាប្រឈមរបស់កម្ពុជាក្នុងការនាំចេញ និងត្រូវដោះស្រាយបែបណា? និងការទាក់ ទាញអ្នកវិនិយោគ សម្រាប់ជំរុញផលិតផលកែច្នៃ និងបង្កើនតម្លៃបន្ថែម។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថាក្រុមការងារបានផ្ដោតទៅលើការសិក្សាលើមុខទំនិញអាទិភាពចំនួន១០មុខមុនគេ រួមមាន៖ ១-ស្រូវអង្ករ ២-ដំឡូងមី ៣-ចេក ៤-មៀនប៉ៃលិន ៥-ស្វាយ ៦-ស្វាយចន្ទី ៧-សាច់ ៨-កៅស៊ូធម្មជាតិ ៩-ម្នាស់ និង១០-ម្រេច និងការទាក់ទាញអ្នកវិនិយោគធ្វើជាមូលដ្ឋាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជាគំរូសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត។
ឯកឧត្តម រដ្ឋមន្រ្តីរំលឹកថា ផែនការយុទ្ធសាស្ត្រនេះ បានបញ្ចប់សេចក្តីព្រាងតាំងពីឆ្នាំ២០២១ និង បានឆ្លងកាត់ការប្រជុំប្រមូលធាតុចូលពីវិស័យឯកជន កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងបាន រាយការណ៍ជូនអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ Zoom ដើម្បី ទទួលបានធាតុចូល និងអនុសាសន៍បន្ថែម ហើយក្រុមការងារក្រសួងពាណិជ្ជកម្ម បានធ្វើការកែ សម្រួលកិច្ចការងារនេះ ឱ្យស្របតាមអនុសាសន៍របស់អគ្គបណ្ឌិតសភាចារ្យ រួចរាល់ហើយកាល ពីខែធ្នូ ឆ្នាំ២០២១។
ក្នុងឱកាសនោះ ក៏មានការធ្វើបទបង្ហាញពីលោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អំពី វឌ្ឍនភាពការងារជូនដល់សមាជិកសមាជិកានៃអង្គប្រជុំ ដើម្បីផ្តល់ជាយោបល់ និងធាតុចូលសំខាន់ ៗ ក្នុងការកែសម្រួលផែនការយុទ្ធសាស្ត្រនេះឱ្យកាន់តែល្អប្រសើ និងឈានដល់ការបញ្ចប់ផែន ការយុទ្ធសាស្ត្រនេះឱ្យកាន់តែឆាប់។
ឯកឧត្តម រដ្ឋមន្រ្តីបានជំរុញឱ្យក្រុមការងារខិតខំបញ្ចប់ ការងាររៀបចំផែនការយុទ្ធសាស្ត្រទាញ យក អត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ឱ្យបានឆាប់ជាមួយអន្តរ ក្រសួង ព្រោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយតំបន់ បានចូលជាធរមានក្នុងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ហើយច្បាប់ស្តីពីការ អនុម័តយល់ព្រម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសកូរ៉េខាងត្បូង ក៏ត្រូវបាន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា បានឡាយព្រះហស្តលេខា ដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ហើយនឹងត្រូវចូលជាធរមានក្នុងពេលឆាប់ខាងមុខនេះផងដែរ៕