(បាត់ដំបង)៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ភូមិភាគបាត់ដំបង (BPRC) ទទួល បានឧបករណ៍ស្តារលទ្ធភាពពលកម្មដែលជាការផ្តល់ជូនដោយមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)។ ជំនួយនេះត្រូវបានផ្តល់ជូនតាមរយៈ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)-សកម្មភាពមីនសម្រាប់គម្រោងអភិវឌ្ឍន៍មនុស្ស»។
ពិធីប្រគល់នេះ បានប្រព្រឹត្តិទៅនៅខេត្តបាត់ដំបង នាថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ជី យៀក្យុង (Ms. Ji Yea Kyung) អនុប្រធានតំណាង នៃការិយាល័យកយកា-KOICA ប្រចាំប្រទេសកម្ពុជា, ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជា អនុប្រធានទី១អាជ្ញាធរមីន និង លោក ស្រី Alissar CHAKER តំណាងនៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ប្រចាំ កម្ពុជាលោក Ryan Tierney លេខាទី១ និងកុងស៊ុល ស្ថានទូតអូស្ត្រាលី និង លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ (PWDF)។
ការផ្តល់ឧបករណ៍ឧបករណ៍ស្តារលទ្ធភាពពលកម្ម ដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយ សម្បទាភូមិភាគបាត់ដំបង (BPRC) នឹងធ្វើឲ្យការផ្តល់សេវាប្រសើរឡើងប្រកបដោយប្រសិទ្ឋភាព និងប្រសិទ្ឋផលដល់ជនរងគ្រោះ និងជនមានពិការភាពដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះពីសង្គ្រាមទាំងអស់ក្នុងខេត្តចំនួនបីគឺ បាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ដោយពង្រឹងសមត្ថភាពដល់គ្រូពេទ្យព្យាបាលដោយចលនានាពេលបច្ចុប្បន្ន និងអ្នកជំនាញផលិត ឧបករណ៍ជំនួយសិប្បនិម្មិត និងផ្នែកកែសម្ផស្ស។
ការផ្តល់ឧបករណ៍ស្តារលទ្ធភាពពលកម្ម ក៏រួមចំណែកផងដែរ ដល់ការបង្កើនការព្យាបាលដោយ ប្រើកញ្ចក់ទៅដល់សហគមន៍និងសកម្មភាពផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ភូមិភាគបាត់ដំបង (BPRC) និងពង្រឹងការផ្សារភ្ជាប់រវាងការបោសសំអាតផ្ទៃដីដែលមាន គ្រាប់មីន ការស្តារនីតិសម្បទា និងការអភិវឌ្ឍន៍ភូមិ និងសហគមន៍។ ការបង្កើនការគាំទ្រ និងជំនួយ ដល់ជនរងគ្រោះដោយសារគ្រាប់មីន គឺជាគន្លឹះឆ្ពោះទៅរក កម្ពុជាគ្មានគ្រាប់មីនត្រឹមឆ្នាំ២០២៥ របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការប្តេជ្ញាចិត្តចំពោះអនុសញ្ញាស្តីពីសិទ្ធិជនពិការភាព និងមិនទុកនរណាម្នាក់ចោល។
សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) បានផ្តល់ថវិកាចំនួន ១០លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីនរបស់កម្ពុជា តាមរយៈ «គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤(CFR-IV)-សកម្មភាពមីនសម្រាប់ គម្រោងអភិវឌ្ឍន៍មនុស្ស» ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥។ មូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីបង្កើន សកម្មភាពបោសសម្អាតមីន ជំរុញជំនួយជនរងគ្រោះ និងការអប់រំអំពីហានិភ័យមីន ការកសាង សមត្ថភាពរបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន(CMAA) ការបញ្ជ្រាបយេនឌ័រក្នុងវិស័យមីនជាដើម។
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) អង្គការកម្មវិធីអភិវឌ្ឍន៍របស់អង្គការ សហប្រជាជាតិ(UNDP) អូស្ត្រាលី នូវែលសេឡង់ និងសហគមន៍ម្ចាស់ជំនួយបានកោតសរសើរ ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥៕