(ភំ្នពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ចង់ឃើញប្រទេសឆែក ពង្រីកកិច្ច សហប្រតិបត្តិការពាណិជ្ជកម្មឱ្យកាន់តែធំបន្ថែមទៀត ពីលើកិច្ចសហប្រតិបត្តិការដែលកំពុងល្អ ប្រសើរនាពេលបច្ចុប្បន្ន។
ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងបែបនេះ ក្នុងពេលទទួលជួបការសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ម៉ាទីន វ៉ាវរា (Martin VÁVRA) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំនៅកម្ពុជា ដើម្បីបន្តលើកស្ទួយទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២នេះ។
ក្នុងជំនួបនេះឯកឧត្តម រដ្ឋមន្ត្រី បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតនៅកម្ពុជា និងបង្ហាញសុទិដ្ឋិនិយមថា កម្ពុជា និងឆែក នឹងបន្តសម្រេចបានសមិទ្ធិ ផលសំខាន់ៗបន្ថែមទៀត ក្នុងបេសកកម្មការទូតរបស់លោកឯកអគ្គរដ្ឋទូតថ្មី តាមរយៈកិច្ចសហ ប្រតិបត្តិយ៉ាងជិតស្និទ្ធ។
ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងកោតសរសើរពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រពៃ ណីរវាងប្រទេសទាំងពីរ ប្រជាជននៃភាគីទាំងពីរ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នាពេលកន្លងមក ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ជាពិសេសវិស័យពាណិជ្ជ កម្ម ដោយផ្តោតលើទំនិញអង្ករ ការកែច្នៃម្ហូបអាហារ និងការកែច្នៃនិងវេចខ្ចប់ផ្លែឈើកម្ពុជា។
លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះឯកឧត្តម រដ្ឋមន្រ្ដី ក្នុងការបង្ហាញជំហរគាំទ្រលើ បេសកកម្មរបស់ស្ថានទូតឆែកនៅកម្ពុជាព្រមទាំងបានបង្ហាញពីសេចក្តីសោមនស្សរីករាយចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការ ក្នុងការធ្វើ ពិពិធកម្មសេដ្ឋកិច្ច តាមរយៈការធ្វើកំណែទម្រង់ច្បាប់ បទបញ្ញត្តិ និងស្ថាប័ន ដែលនឹងជួយជំរុញ ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នងឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីផលប៉ះពាល់នៃស្ថានការណ៍ជំងឺរាតត្បាតសកល ដែលកំពុងជះឥទ្ធិពលអវិជ្ជមានលើខ្សែច្រវ៉ាក់ផ្គត់ផ្គង់ តម្រូវការក្នុងតំបន់ និងសកលលោក ដែលនាំ ឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
បើទោះបីជាយ៉ាងណា ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការឈានទៅរកគន្លងប្រក្រតីភាពថ្មីតាមរយៈការគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ យ៉ាង មានប្រសិទ្ធិភាពនៅកម្ពុជា គួបផ្សំជាមួយនឹងសមិទ្ធិផលសំខាន់ៗ ក្នុងវិស័យពាណិជ្ជកម្មដែលក្រសួង ពាណិជ្ជកម្មកម្ពុជាសម្រេចបានថ្មីៗនេះដូចជាកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ព្រមទាំងតួនាទីជាប្រធាន អាស៊ានរបស់កម្ពុជាផងនោះ ធុរជននិងវិនិយោគិនឆែក នឹងអាចទាញយកនូវអត្ថប្រយោជន៍ជា អតិបរមាពីកាលានុវត្តភាពទីផ្សារកាន់តែទូលំទូលាយ ក្នុងបរិយាកាសធុរកិច្ច និងវិនិយោគល្អ ដែល នឹងអាចឈានដល់ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀតនាពេលអនាគត។
គួរបញ្ជាក់ថា ប្រទេសឆែកជាទីផ្សារដ៏សំខាន់មួយក្នុងសហភាពអឺរ៉ុប សម្រាប់ផលិតផលកម្ពុជា។ នៅឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មកម្ពុជា-ឆែក សម្រេចបានប្រមាណ ១២៦លានដុល្លារអាមេរិក ជាមួយនឹងកំណើន ៣៦% បើប្រៀបធៀបនឹងឆ្នាំ២០១៨។ ដោយទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការថមថយមកត្រឹមរង្វង់ ៨០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០៕