(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះបានប្រកាសចាំជួយកម្ពុជាជានិច្ច ក្នុងការបង្កើតឧស្សាហកម្ម ម្ហូបអាហារហាឡាល នៅក្នុងប្រទេសកម្ពុជា។ការបញ្ជាក់ឲ្យដឹងបែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាបង្ហាញពីលទ្ធផល ក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងនាយករដ្ឋមន្រ្តីម៉ា ឡេស៊ី នៅវិមានសន្តិភាព នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំរីករាយដែលដឹងអំពីការអភិវឌ្ឍ នៅក្នុងវិស័យ ឧស្សាហកម្មហាឡាល ដែលមានការលើកទឹកចិត្ដ។ ម៉ាឡេស៊ីត្រៀមខ្លួន ក្នុងការជួយកម្ពុជា បង្កើត នូវប្រព័ន្ធអេកូឡូស៊ី នៃម្ហូបអាហារហាឡាលនេះ»។
លោកថា ប្រទេសម៉ាឡេស៊ី មានអ្នកជំនាញផ្នែកឧស្សាហកម្មហាឡាលជាច្រើន ហើយម៉ាឡេស៊ី ស្វាគមន៍ ក្រុមហ៊ុនកម្ពុជាថែមទៀត ទៅកាន់ម៉ាឡេស៊ី ដើម្បីទទួលបានជំនាញ និងចំណេះដឹងក្នុង ការបង្កើតឧស្សាហកម្មហាឡាល។
ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានបង្ហាញអំពីបំណងចង់សហការជាមួយកម្ពុជា ដើម្បីគាំទ្រការខិតខំក្នុងការបង្កើនទំនាក់ទំនងយុវជន ក្នុងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យ សហគ្រិនភាពផងដែរ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការត្រួតពិនិត្យ ផលិតផលហាទ្បាលកម្ពុជា នាថ្ងៃទី ០៤ ខែវិចិ្ឆកា ឆ្នាំ២០១៦ ដោយមានប្រធានគណៈកម្មាធិការ ត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា ជារដ្ឋមន្រី្តក្រសួងពាណិជ្ជកម្ម និងមានអនុប្រធាន និងសមា ជិក ដែលជាតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធនឹងកិច្ចការហាទ្បាល ហើយជាពិសេស គឺមាន តំណាងពីឥស្សរជននៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។
គណៈកម្មាធិកាត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា មានក្រុមឯកទេសផលិតផលហាឡាល ជាជំនួយផ្នែកបច្ចេកទេស និងសាសនាឥស្លាមលើកិច្ចការហាឡាល ដើម្បីពិនិត្យបច្ចេកទេសស្តង់ដារ និងតាមដានការផ្តល់សេវាកម្ម ការផលិត ឬការវេចខ្ចប់ផលិតផលហាឡាលកម្ពុជា និងចេញវិញ្ញា បនបត្របញ្ជាក់បច្ចេកទេសស្តង់ដារ ផលិតផលហាឡាលកម្ពុជា ដោយមានការឯកភាពពីរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម។
សូមជម្រាបផងដែរថា ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ម៉ាឡេស៊ី ក្នុងឆ្នាំ២០២១ មានចំនួន៥០១ លានដុល្លារអាមេរិក កើនឡើងចំនួន១៣% ធៀបនឹងឆ្នាំ២០២០៕