ប្រទេសឥណ្ឌូណេស៊ី អំពាវនាវឱ្យមានកិច្ចចរចា តែបញ្ជាក់ជំហរមិនដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី


 (ហ្សាការតា)៖  តាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យមានការកិច្ច ចរចា និងដំណោះស្រាយការទូត បន្ទាប់ពីរុស្ស៊ីសម្រេចចិត្ត បើកការវាយប្រហារលើអ៊ុយក្រែន ដែល លោកខាងលិចចាត់ទុកថាជាសកម្មភាពឈ្លានពាន។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីម្នាក់ បានបញ្ជាក់ ដូច្នេះថា «ឥណ្ឌូណេស៊ីពិតជាមានការព្រួយបារម្ភ ជាខ្លាំងចំពោះស្ថានការណ៍ជម្លោះ នៅអ៊ុយក្រែន ដែលអាចនឹងបង្កការគំរាមកំហែងដល់សុវត្ថិភាពប្រជាជន និងស្ថិរភាពនៅក្នុងតំបន់…ដូច្នេះយើង ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ផ្តោតជាអាទិភាពលើកិច្ចចរចា និងការទូត ដើម្បីបញ្ចប់បជម្លោះ ក៏ដូច ជាស្វែងរកដំណោះស្រាយដោយសន្តិភាព»

សូមបញ្ជាក់ថា ឥណ្ឌូណេស៊ី បានប្រាប់ឱ្យពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ឱ្យប្រមូលផ្ដុំនៅ ឯស្ថានទូតឥណ្ឌូណេស៊ី ដើម្បីត្រៀមខ្លួន សម្រាប់ ការជម្លៀសខ្លួនចេញ នៅក្នុងករណីចាំបាច់។ ប៉ុន្តែ បើតាមអ្នកនាំពាក្យខាងលើ ទីក្រុងហ្សាការតានឹងមិនដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីឡើយ៕