សហព័ន្ធស្រូវអង្ករ លើកឡើងថា ម៉ាឡេស៊ីជាប្រទេសធំជាងគេនៅអាស៊ាន ដែលទិញអង្ករកម្ពុជា, ឆ្នាំ២០២១ ទិញជាង៤ម៉ឺនតោន គិតជាទឹកប្រាក់៣២លានដុល្លារ

 (ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ប្រទេស ម៉ាឡេស៊ី ជាប្រទេសធំជាងគេនៅក្នុងសហគមន៍អាស៊ាន ដែលទិញអង្ករកម្ពុជា ហើយក៏ជាប្រទេសធំ ជាងគេទី៣ ក្នុងចំណោម៩០ គោលដៅនាំចេញអង្ករក្នុងរយៈពេល៥ឆ្នាំចុងក្រោយ (២០១៧-២០២១) បានសរុបចំនួន ២០៤ ៥៦៥ តោន ឬជិត៧% នៃបរិមាណនាំចេញសរុប៣ ១៤៨ ៦៩៧ តោន។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២១ កម្ពុជាបានធ្វើការនាំចេញ អង្ករក្រអូប ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ីបានចំនួន ៤៦ ១៨១ តោន ដែលគិតជាទឹកប្រាក់មាន ចំនួនប្រមាណជា ៣២.០៧ លានដុល្លារសហរដ្ឋអាមេរិក។ បរិមាណនៃការនាំចេញ គឺស្ថិតក្នុង លំដាប់លេខ៣ បន្ទាប់ពីប្រទេសចិន ដែលឈរក្នុងលំដាប់លេខ១ និងប្រទេសបារាំង ឈរលំដាប់ លេខ ២។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា «នៅក្នុងប្រទេសម៉ាឡេស៊ី ប្រជាជនដែលមានវ័យចំណាស់ភាគច្រើន បានស្គាល់កេរ្តិ៍ឈ្មោះអង្ករក្រអូបកម្ពុជា តាំងពីសម័យ មុនសង្គ្រាម ដែលកម្ពុជាធ្លាប់បាននាំចេញទៅលក់នៅទីនោះ ហើយនៅសម័យកាលនោះអង្ករក្រអូប កម្ពុជាពូជស្រូវឈ្មោះ “សូម៉ាលី” ដែលបច្ចុប្បន្ន អង្ករដែលវេចខ្ចប់ដោយដាក់ឈ្មោះ “សូម៉ាលី” គឺនៅ តែបន្តពេញនិយម នៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី»។

លោកបន្តថា ប្រទេសម៉ាឡេស៊ីជាទីផ្សារ ដែលមានសក្តានុពល និងស័ក្តិសមបំផុតម្រាប់ការនាំចេញ អង្កររបស់កម្ពុជា ដោយសារការដឹកជញ្ជូនមានរយៈចម្ងាយជិត ងាយស្រួលដឹកជញ្ជូន៕