(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប (Dato’ Sri Ismail Sabri Bin YAAKOB) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម នៅរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានស្នើនាយករដ្ឋមន្រ្តី ម៉ាឡេស៊ី ជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងបណ្តុះបណ្តាលធនធានមនុស្សដល់ កម្ពុជា។ ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានសម្តែងក្តីសោមនស្សរីករាយ និងសូម ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងគណៈប្រតិភូនៅកម្ពុជា។ សម្តេចបានចាត់ទុក ដំណើរទស្សនកិច្ចនាពេលនេះ នឹងរួមចំណែកបន្ថែម ក្នុងការពូនជ្រុំលើកកម្ពស់ ទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមានជាង៦០ឆ្នាំមក នេះឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។
ក្រៅពីការថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជួយគំាទ្រកម្ពុជានៅក្នុងការស្វែងរកសន្តិភាព និង ការអភិវឌ្ឍប្រទេសរហូតមក សម្តេចប្រធានរដ្ឋសភា បានស្នើដល់ភាគីម៉ាឡេស៊ីជួយជំរុញការ វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ពីប្រទេសម៉ាឡេស៊ី មកកម្ពុជាបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចបានស្នើសូម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ពិនិត្យលទ្ធភាព បន្តជួយបណ្តុះបណ្តាលធនធាន មនុស្ស ដល់មន្រ្តីរាជការ និងនិស្សិតកម្ពុជា ដើម្បីជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ធ ផលនៃជំនួបពិភាក្សាការងារនាព្រឹកមិញជាមួយ សម្តេចនាយករដ្ឋមន្រ្តី នៅក្នុងការពង្រឹងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេក វិទ្យា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងសេចក្តីរីករាយក្រៃលែងដោយសងេ្កត ឃើញថា រដ្ឋាភិបាលទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា ក្នុងក្របខណ្ឌតំបន់ និង អន្តរជាតិ ពិសេសក្នុងក្រខណ្ឌអាស៊ាន។ រដ្ឋសភាវាយតំលៃខ្ពស់ចំពោះ រដ្ឋាភិបាលប្រទេសទាំងពីរ ដែលបានបង្កើតកិច្ចព្រមព្រៀងនិងអនុស្សរណៈនានាជាមួយគ្នា សំដៅត្រួសត្រាយឱ្យមានយន្ត ការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាតំបន់ និងអន្តរជាតិ។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រកិច្ច សហប្រតិបត្តិការពហុវិស័យ ដែលស្ថាប័ននីតិប្រតិបត្តិ នៃប្រទេសទាំងពីរ បានធ្វើរួមគ្នា និងសូមលើក ទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ស្របតាមការវិវឌ្ឍន៍នៃសភាពការណ៍សកល លោកបច្ចុប្បន្ន។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងម៉ាឡេស៊ី បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនផងដែរ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក មានដូចជា AIPA និង IPU ជាដើមនោះ។
លោក អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបាន ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរតាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ម៉ាឡេស៊ី។ នៅចុងបញ្ចប់ លោកនាយករដ្ឋមន្រ្តី បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភាដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី តាមពេលវេលាសមស្រប ណាមួយ៕