(បាត់ដំបង)៖ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា បានថ្លែងថា ទោះបីក្រសួងសម្រេចបានសមិទ្ធផលជាច្រើនយ៉ាងណាក៏ដោយ ក៏ការការពារ ជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅមិនទាន់បានឆ្លើយតបបានទាំងស្រុងនៅឡើយទេ ជាពិ សេស ការផ្តល់សេវាគាំទ្រសម្រាប់ជនរងគ្រោះនៅមានកម្រិតនៅឡើយ។
ការថ្លែងបែបនេះ របស់ ឯកឧត្តម ញឹក វណ្ណារ៉ា បានធ្វើឡើងក្នុងឱកាសបិទវគ្គ «បណ្តុះបណ្តាល គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស» រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។
មន្ត្រីជាន់ខ្ពស់រូបនេះបានបន្តថា អំពើជួញដូរមនុស្ស បាននឹងកំពុងកើតឡើងគ្រប់ទីកន្លែងក្នុងរូបភាព ភាគច្រើនជាឧក្រិដ្ឋកម្មឆ្លងដែន និងក្នុងប្រទេស ដែលមានអង្គការចាត់តាំង ហើយឧក្រិដ្ឋកម្មនេះ បានជះឥទ្ធិពលជាអវិជ្ជមានដល់បុគ្គល គ្រួសារ និងសហគមន៍ ជាពិសេសទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក។
ឯកឧត្តម ញឹក វណ្ណារ៉ា បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងខិតខំប្រឹងប្រែងបង្កើត រៀប ចំ ចងក្រង ផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ផែនការកិច្ចព្រមព្រៀងទ្វេភាគី និង ពហុភាគី និងយន្តការនានាសំដៅប្រយុទ្ធប្រឆាំង និងកាត់បន្ថយឱ្យបានជាអតិបរមានូវអំពើជួញដូរ មនុស្ស និងការធ្វើអាជីវកម្មលើមនុស្ស ទាំងក្នុងក្របខ័ណ្ឌជាតិ អនុតំបន់ តំបន់ និងលើពិភពលោក។ ដោយឡែក ក្រសួង ស.អ.យ ដែលបានទទួលអណត្តិពីរាជរដ្ឋាភិបាល ក្នុងការការពារ និងការផ្តល់ សេវាគាំទ្រ ដល់ជនរងគ្រោះ ក្រសួងបានបំពេញការងារយ៉ាងសកម្ម និងសម្រេចបាននូវសមិទ្ធផល ជាច្រើនក្នុងកិច្ច ការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការងារកសាងគោលនយោបាយ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការបង្កើនភាពជាដៃគូ។
នាឱកាសនោះដែរ ឯកឧត្តម បន្ទាប់ពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដាក់ ចេញនូវគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិរបស់ ជនរងគ្រោះដោយអំពើ ជួញដូរមនុស្សនៅឆ្នាំ២០០៩ ក្រសួងបានធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលជាច្រើនវគ្គ សម្រាប់ អនុវត្តទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ សំដៅពង្រឹងសមត្ថភាពជំនាញរបស់មន្រ្តីទទួលបន្ទុកការងារ សង្គមកិច្ចពាក់ព័ន្ធនានា ទាំងស្ថាប័នរដ្ឋាភិបាល និងអង្គការដៃគូអភិវឌ្ឍ ក្នុងការការពារ និងគាំទ្រដល់ ជនរងគ្រោះប្រកបដោយសុវត្ថិភាពនិងជាពិសេសធានាបាននូវសិទ្ធិជនរងគ្រោះទទួលបានផលប្រយោជន៍ពីលិខិតុបករណ៍ជាតិ ច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងទទួលបានសិទ្ធិអំណាច និងមានលទ្ធ ភាពធ្វើសមាហរណកម្មទៅក្នុងគ្រួសារ និងសហគមន៍ ដោយជោគជ័យជាស្ថាពរ ទទួលបានការ ឧបត្ថម្ភទាំងផ្នែកសម្ភារៈ និងស្មារតី ពិសេសសេវាសុខភាព សេវាអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទទួលបាននូវកិច្ចការពារយ៉ាងល្អប្រសើរ ឆ្លងផុតពីភាពរងគ្រោះសាជាថ្មី និងការរើសអើង។
វគ្គបណ្តុះបណ្តាល «គោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពី កិច្ចការពារសិទ្ធិជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស» ត្រូវបានរៀបចំឡើងមានចំនួន២វគ្គ នៅក្នុងស្រុកកងមាស និងស្រុកកោះ សុទិន ខេត្តកំពង់ចាម ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់អ្នកផ្តល់សេវា ថ្នាក់មូលដ្ឋាន ដែលជាអាជ្ញាធរមានសមត្ថកិច្ចក្នុងការជួយជនរងគ្រោះឲ្យទាន់ពេលវេលានៅក្នុងភូមិ ខ្លួនរបស់ខ្លួន។
គោលនយោបាយ និងបទដ្ឋានអប្បបរមាស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស ជាឯកសារគន្លឹះសម្រាប់ចង្អុលបង្ហាញដល់អ្នកផ្តល់សេវាយកទៅអនុវត្តន៍ ហើយនឹងសង្ឃឹម និងជឿជាក់ថា លោក លោកស្រី ដែលបានចូលរួមនៅថ្ងៃនេះនឹងខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយ កម្លាំង ចិត្តពិភាក្សា និងយកចិត្តទុកដាក់ស្តាប់នូវការធ្វើបទបង្ហាញពីអ្នកសម្របសម្រួល ព្រមទាំងចូលរួម ឲ្យបានពេញលេញក្នុងរយៈពេល៣ថ្ងៃនេះ ដើម្បីពង្រឹងនូវកិច្ចការពារសិទ្ធិ និងការគាំទ្រដល់ជន រងគ្រោះ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបម្រើឧត្តមប្រយោជន៍ដល់ជនរងគ្រោះរបស់យើង។
ទីបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ សូមថ្លែងអំណរគុណដល់គម្រោងអាស៊ានអូស្រ្តាលី ប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដែលបានឧបត្ថម្ភគាំទ្របច្ចេកទេស និងថវិកា ព្រមទាំងកិច្ចសហការ យ៉ាងល្អជាមួយក្រសួង ស.អ.យ ក្នុងដំណើរការរៀបចំសិក្ខាសាលានាថ្ងៃនេះទ្បើង។ និងសូមថ្លែងអំ ណរគុណផងដែរដល់ក្រុមការងាររបស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្ម នៃក្រសួង ស.អ.យ ដែលបំពេញការងារយ៉ាងសកម្ម និងកិច្ចសហការជាមួយដៃគូ ក្នុងការរៀបចំវគ្គ បណ្តុះបណ្តាលនេះទៅបានរលូន៕