(ភ្នំពេញ)៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ ក្នុងគោលបំណងដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព ការងារប្រចាំឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ២០១៩-២០២៣។ សន្និបាតនេះផ្តោតលើយុទ្ធសាស្រ្តអាទិភាពទាំង៥ និងបញ្ហាប្រឈម មួយចំនួន ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ២០២២ សំដៅបង្កើន ប្រសិទ្ធភាពការងារឱ្យស្របទៅនឹងកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ព្រមទាំង ខិតខំសម្រេចឱ្យបានជាលទ្ធផលផ្លែផ្កានូវរាល់ផែនការយុទ្ធសាស្រ្ត និងគោលនយោបាយនានា ដែលបានដាក់ចេញ ជាពិសេសគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ និងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៧-២០២៥ព្រមទាំងដាក់ចេញនូវវិធានការថ្មីៗក្នុងឆ្លើយតបឱ្យទាន់ពេលវេលាក្នុងដំណាក់កាលនៃវិបត្តិកូវីដ-១៩។
ឯកឧត្តម អ៊ិត សំហេង បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំយកចិត្តទុកដាក់ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ២០១៩-២០២៣ រយៈពេល១ឆ្នាំនេះប្រកបដោយជោគជ័យ ស្របតាមផែនការគួរជាទី មោទនៈ ជាពិសេសការចូលរួមអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់ របស់រាជរដ្ឋាភិបាលក្នុង ការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ រួមទាំងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ ជាតិចាក់វ៉ាក់សាំងជូនកម្មករនិយោជិត ទាំងក្នុងក្របខណ្ឌអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆត្រកងទ័ព។
ជាមួយគ្នានេះក៏បានចូលរួមជំរុញការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខា ភិបាល ជាពិសេសការខិតខំអនុវត្តកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលទាំង១០ជុំ ដែលបានដាក់ ចេញសំដៅដោះស្រាយផលប៉ះពាល់ក្នុងការធានាបាននូវប្រក្រតីភាពនៃអាជីវកម្ម ពាណិជ្ជកម្ម ផលិត កម្ម វិនិយោគ ការងារ និងមុខរបរ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ដោយផ្តោតទៅលើមុខព្រួញចំនួន ៤គឺ៖ ១-ការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីទប់ទល់ការឆ្លង និងការការពារអាយុជីវិតរបស់ប្រជាជន, ២-ការរក្សា លំនឹងជីវភាពប្រជាជន ពិសេសសម្រាប់ប្រជាជនក្រីក្រ និងក្រុមជនងាយរងគ្រោះ ព្រមទាំងអ្នកបាត់ បង់ការងារធ្វើ ដើម្បីធ្វើឱ្យពួកគេអាចមានលទ្ធភាពវិលទៅរកជីវភាពធម្មតាវិញនៅពេលផុតពីជំងឺនេះ, ៣-ការខិតខំជួយឱ្យអស់លទ្ធភាព ដើម្បីធ្វើឱ្យធុរកិច្ច និងអាជីវកម្មអាចរស់បាន និងរក្សាការងារ ពិសេសរក្សា និងជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការត្រៀមខ្លួនក្រោយពេលដែលជំងឺ ជំងឺ កូវីដ១៩ ស្រាកស្រាន្ត ដើម្បីជ្រោងសេដ្ឋកិច្ចឱ្យរស់ឡើងវិញបានឆាប់រហ័ស, និង៤-ការរក្សាឱ្យបាន នូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្ថេរភាពសង្គម។ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រាជ រដ្ឋាភិបាលបានបែងចែកសមរភូមិប្រយុទ្ធជាបីមុខព្រួញ គឺ ទី១-ការប្រយុទ្ធនឹងការឆ្លងចូលពីខាង ក្រៅ, ទី២-ការប្រយុទ្ធទប់ស្កាត់មិនឱ្យឆ្លងពីអ្នកមានជំងឺទៅអ្នកមិនមានជំងឺ, និងទី៣-ការបន្តចាក់វ៉ាក់ សាំងដូសជំរុញឱ្យបានគ្រប់គ្នាទូទាំងប្រទេស។
ឯកឧត្តម ក៏បានស្នើដល់អង្គសន្និបាតទាំងមូលបន្តយកចិត្តទុកដាក់បន្ថែមទៀតអំពីមូលហេតុនៃការ ខ្វះកម្លាំងពលកម្ម ដើម្បីដាក់ចេញនូវទិសដៅឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបឲ្យបានទៅ នឹងតម្រូវការកម្លាំងពលកម្មនេះ សម្រាប់ផ្គត់ផ្គង់ដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសនៅក្នុងស្រុក ឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រីក៏បានជំរុញដល់អង្គសន្និបាតទាំងមូលត្រូវលើបញ្ហាប្រឈមនានា និងកិច្ចការងារមួយចំនួន ដែលមិនទាន់សម្រេចបាននាឆ្នាំកន្លងមកនេះ មកពិភាក្សាឱ្យបានផុលផុស និងដាក់ចេញនូវដំណោះស្រាយសមស្របនានា សម្រាប់ធ្វើជាទិសដៅក្នុងការអនុវត្តបន្ត សំដៅធ្វើឱ្យ ប្រសើរឡើងនូវឱកាសការងារ និងការផ្តល់មុខជំនាញវិជ្ជាជីវៈ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិ បាលក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សំដៅចូលរួមស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី៕