អ៊ីស្រាអែល បាញ់មីស៊ីលជាច្រើនគ្រាប់ ចូលក្នុងទឹកដីស៊ីរី, នេះបើតាមយោធាស៊ីរី


 (គែរ)៖  តាមយោធាស៊ីរី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ គឺ អ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់លើទីតាំងជាច្រើនកន្លែង នៅក្នុងខេត្ត គូនេត្រា (Quneitra) នៃប្រទេសស៊ីរី នៅថ្ងៃពុធនេះ ដោយបង្កការខូចខាតមួយចំនួន។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន, យោធាស៊ីរីមិនបានបញ្ជាក់លម្អិតពីទីតាំងដែលរងការវាយ ប្រហារនោះទេ ដោយគ្រាន់តែឱ្យដឹងថាមីស៊ីល ទាំងនោះត្រូវបានបាញ់នៅម៉ោង ១២៖៣០នាទីយប់ ឈានចូលថ្ងៃពុធនេះ ចេញពីតំបន់ហ្គូលិន ហៃ (Golan Heights) ដែលស្ថិតនៅក្រោមការគ្រប់ គ្រងដោយអ៊ីស្រាអែល។

សូមបញ្ជាក់ថា យោធាអ៊ីស្រាអែល មិនបានធ្វើអត្ថាធិប្បាយឡើយ ឆ្លើយតបទៅនឹងការចោទប្រកាន់ ពីយោធាស៊ីរី។ អ៊ីស្រាអែល តែងតែត្រូវបានគេ រាយការណ៍ថាបានបើកការវាយប្រហារតាមផ្លូវ អាកាសនៅក្នុងទឹកដីស៊ីរី ហើយជារឿយៗយោធាអ៊ីស្រាអែល ក៏បានទទួលស្គាល់ដែរថា ការវាយ ប្រហាររបស់ខ្លួនមានគោលដៅលើមូលដ្ឋាន ឬឃ្លាំងស្ដុកទុកអាវុធរបស់កងជីវពលស៊ីអ៉ីតគាំទ្រ ដោយអ៊ីរ៉ង់៕