(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ ថូនី ប្លីងគែន (Antony Blinken) បានឱ្យដឹងថាលោកបានលុបចោលកិច្ចប្រជុំជាមួយ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បន្ទាប់ពីទីក្រុងម៉ូស្គូ ទទួលស្គាល់តំបន់ផ្ដាច់ខ្លួនពីរនៅអ៊ុយក្រែន ជារដ្ឋឯករាជ្យ។
លោក Blinken ប្រកាសពីការសម្រេចចិត្តខាងលើប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីបានជួបពិភាក្សាជាមួយ រដ្ឋមន្ត្រីការបទេសអ៊ុយក្រែន ក្នុងទីក្រុងវ៉ាស៊ីនតោន។ លោក Blinken បានបញ្ជាក់ដូច្នេះថា «បច្ចុប្បន្ន, អ្វីដែលយើងបានឃើញគឺការឈ្លានពាន កំពុងចាប់ផ្ដើម ហើយសកម្មភាពរបស់រុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ថាពួកគេបានច្រានចោលដំណោះស្រាយការទូត។ ដូច្នេះ វាគ្មានន័យអ្វីត្រូវបន្ត រៀបចំជំនួបនៅពេលនេះឡើយ។ លោក Blinken ធ្លាប់បានអះអាង ថាលោកបានយល់ព្រមជួបជាមួយលោក ឡារ៉ូវ ដរាបណារុស្ស៊ីមិនឈ្លានពាន អ៊ុយក្រែន៕