មន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បាននិយាយថា ការទុកដាក់ការបែងចែក និងការប្រមូល សំរាមចេញពីរាជធានី ភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុនច្រើនណាស់

 (ភ្នំពេញ)៖ នៅរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ការទុកដាក់ ការបែងចែក និងការប្រមូលសំរាម ចេញពីរាជធានីភ្នំពេញ មានលក្ខណៈល្អប្រសើរជាងមុន ពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូន សំរាមចំនួនបីមានការប្រកួតប្រជែងគ្នា ជាមួយនឹងការចូលរួមពីវិស័យឯកជននិងប្រជាពលរដ្ឋ ផង ដែរនោះ។ នេះបើតាមការបញ្ជាក់ពី ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈដែលលោក ទទួលធុងសំរាមពីក្រុមហ៊ុនកូកា-កូឡាកម្ពុជា នៅលើសួនច្បារសម្ដេចតេជោហ៊ុនសែន ស្ថិតនៅក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ នា ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ការចូលរួមពីវិស័យឯកជន និងប្រជាពលរដ្ឋ ជាការខិតការ ខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការអប់រំប្រជាពលរដ្ឋ ឲ្យបានដល់ដឹង ពីការទុក ដាក់ ការញែកសំរាមសំណល់រឹងទៅតាមប្រភេទរបស់វា ដែលធ្វើឲ្យភ្នំពេញ ស្អាតបន្ថែមពីលើពេល បច្ចុប្បន្នមួយកម្រិតទៀត។

ឯកឧត្តម បន្តថា នៅដំណាក់កាលចុងក្រោយនេះ នៅរាជធានីភ្នំពេញ មានក្រុមហ៊ុនប្រមូលសំរាម ចំនួន៣ ប្រកួតប្រជែងគ្នា លើការប្រមូលសំរាមដែលធ្វើឲ្យរាជធានីភ្នំពេញ មានសោភ័ណភាព មាន បរិស្ថានល្អប្រសើរជាងមុនយ៉ាងខ្លាំង។ បន្ថែមពីនេះវិស័យឯកជន និងប្រជាពលរដ្ឋក៏បានចូលរួម ជាមួយរដ្ឋបាលរាជធានីភ្នំពេញយ៉ាងសស្រាក់សស្រាំផងដែរដែលធ្វើឱ្យភ្នំពេញកាន់តែមានភាពស្រស់ស្អាតនិងមានបរិស្ថានល្អ ដែលធ្វើឲ្យប្រជាពលរដ្ឋ មានភាពរីករាយសប្បាយចិត្ត។

គួរបញ្ជាក់ថា ក្នុងកម្មវិធីនោះ ក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានប្រគល់ធុងបែងចែកសំរាមចំនួន ៥០ឈុត ត្រូវនឹង ១៥០ធុង ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់នៅទីតាំងសួនសាធារណៈ មួយចំនួន នៅរាជធានីភ្នំពេញ៕