ប្រធានាធិបតីអ៊ុយក្រែនច្រានចោល ការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំពេលនេះ ប៉ុន្តែកំពុងត្រៀម ទ័ពបម្រុងសម្រាប់ថ្ងៃមុខ


 (កៀវ)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskiy) នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅទីក្រុងកៀវ) បានថ្លែងថា លោកកំពុងណែនាំឲ្យ ត្រៀមទ័ពបម្រុង សម្រាប់ចេញប្រតិបត្តិការ នៅក្នុងពេលវេលាដ៏ចាំបាច់មួយ ប៉ុន្តែលោកបានច្រាន ចោល គំនិតនៃការដាក់ពង្រាយទ័ពទ្រង់ទ្រាយធំ សម្រាប់ពេលនេះ បើទោះបីជារុស្ស៊ីបានសម្រេច បញ្ជូនកងកម្លាំង ទៅកាន់តំបន់ផ្តាច់ខ្លួនទាំងពីរ នៅភាគខាងកើតអ៊ុយក្រែន គឺ Donetsk និង Luhansk ក៏ដោយ។

វិបត្តិសន្តិសុខដ៏អាក្រក់បំផុតមួយរបស់អឺរ៉ុប ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ត្រូវបានលាតត្រដាង ចេញជាផ្លូវការ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់តំបន់ពីរនៅភាគ ខាងកើតអ៊ុយក្រែនជា «រដ្ឋឯករាជ្យ» ដោយប្តូរឈ្មោះទៅជា «សាធារណរដ្ឋប្រជាមានិតដូណេតក៍ (DNR)» និង «សាធារណរដ្ឋប្រជាមានិតលូហាន់ក៍ (LNR)»។ យ៉ាងណាក៏ដោយ ទាំងពីរតំបន់ដែល ស្ថិតនៅជាប់នឹងព្រំដែនរុស្ស៊ីនេះ ត្រូវបានគ្រប់គ្រងដោយក្រុមឧទ្ទាម គាំទ្រដោយរុស្ស៊ីតាំងតែពីឆ្នាំ ២០១៤ មកម្ល៉េះ។

រដ្ឋាភិបាលអ៊ុយក្រែនបានចោទរុស្ស៊ីថា បានបំផ្លាញកិច្ចចរចាសន្តិភាព លើការបញ្ចប់ជម្លោះដែលមាន រយៈពេលប្រាំបីឆ្នាំ នៅភាគខាងកើតអ៊ុយក្រែន និងបានប្រឆាំងនឹងការទាមទាររបស់ក្រុងម៉ូស្គូ ឲ្យទី ក្រុងកៀវបោះបង់ចោលមហិច្ឆតា ក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្តអង្គការ NATO នោះផងដែរ។

តាមរយៈការថ្លែងសុន្ទរកថាលើទូរទស្សន៍, លោក Zelenskiy បានអះអាងថា លោកនៅតែស្វែងរក មធ្យោបាយការទូត ដើម្បីចាកចេញពីវិបត្តិ ហើយបានស្វាគមន៍ចំពោះឆន្ទៈរបស់ប្រទេសតួកគី ក្នុង ការចូលរួមកិច្ចចរចាពហុភាគី ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនបានរូបនេះ បានសង្កត់ធ្ងន់ថា លោកនឹង មិនប្រគល់ទឹកដីណាមួយ ឱ្យរុស្ស៊ីជាដាច់ខាត។

លោកប្រធានាធិបតីអ៊ុយក្រែនបានគូសបញ្ជាក់ថា «មិនចាំបាច់មានការចល័ត (កងទ័ព) ទ្រង់ទ្រាយ ធំនោះទេនៅថ្ងៃនេះ។ យើងត្រូវមានការបំពេញបន្ថែមភ្លាមៗ ចំពោះកងទ័ពអ៊ុយក្រែន និងការបង្កើត កងកម្លាំងយោធាផ្សេងទៀត។ ក្នុងនាមជាអគ្គមេបញ្ជាការកំពូល នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ខ្ញុំបានចេញក្រឹត្យស្តីពីការចុះបញ្ចីទាហានបម្រុង សម្រាប់ប្រើក្នុងអំឡុងពេលចាំបាច់»

លោក Zelenskiy បានសង្កត់ធ្ងន់ថា «យើងត្រូវតែបង្កើនលក្ខណៈប្រុងជើងការ នៃកងទ័ពអ៊ុយក្រែន ចំពោះមុខការផ្លាស់ប្តូរទាំងអស់ ដែលអាចកើតមានឡើង នៅក្នុងលក្ខណៈជាប្រតិបត្តិការ»។ លោក Zelenskiy ក៏បានរិះគន់ជាសាធារណៈផងដែរ ចំពោះស្ថានទូតបរទេស និងអ្នកជំនួញអ៊ុយក្រែនទាំង ឡាយ ដែលបានរត់ចេញពីអ៊ុយក្រែន ដោយសារហេតុផលសន្តិសុខ ហើយលោកក៏បន្តការអំពាវនាវ សាជាថ្មី ឱ្យក្រុមហ៊ុនទាំងឡាយ បន្តស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនទៅមុខទៀត៕