សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវដោះស្រាយទុកកង្វល់របស់ប្រជា ពលរដ្ឋដោយផ្ទាល់ កុំចាំឲ្យពលរដ្ឋរាយការណ៍មកសម្ដេច


 (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានណែនាំដល់អាជ្ញាធររាជធានី-ខេត្ត និងថ្នាក់មូលដ្ឋានទាំងអស់ ត្រូវ តែដោះស្រាយបញ្ហា ឬទុកកង្វល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅមូលដ្ឋាន កុំចាំឲ្យប្រជាពលរដ្ឋ រាយការណ៍មកដល់សម្ដេច ហើយសម្ដេចដាក់បញ្ហានេះត្រឡប់ទៅវិញ។

ក្នុងឱកាសបន្ដដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្ដរបស់ក្រសួងមហា ផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកត់សម្គាល់ថា តាមរយៈ Facebook របស់សម្ដេចផ្ទាល់ គឺទទួលបាននូវសំណូមពរ និងបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន ដើម្បីសុំឲ្យសម្ដេចជួយ អន្ដរាគមន៍ដោះស្រាយ ហើយសម្ដេចក៏បានបញ្ជូនបញ្ហានេះ ទៅអាជ្ញាធរមូលដ្ឋានវិញ ដើម្បីស្រាយ ជូនប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង បានអះអាងថា ការទទួលនូវសំណូមពរ ឬបញ្ហារបស់ប្រជាពលរដ្ឋ ដោយផ្ទាល់បែបនេះ ក៏ជារឿងល្អសម្រាប់ថ្នាក់ដឹកនាំ ប៉ុន្ដែបើមើលមួយជ្រុងទៀតបានបង្ហាញថា ប្រជាពលរដ្ឋមិនកក់ក្ដៅជាមួយមន្ដ្រីនៅមូលដ្ឋាន បានជាពួកគាត់បញ្ជូនព័ត៌មាននេះមកថ្នាក់លើ ដើម្បីឲ្យជួយអន្ដរាគមន៍ដោះស្រាយ។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «បញ្ហានេះ ខ្ញុំស្នើសុំឲ្យរាជធានី-ខេត្ត ក៏ដូចជាអង្គ ភាពក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ធ្វើមិចយើងទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ដើម្បីប្រជាពល រដ្ឋគាត់មានអី គាត់ទាក់ទងយើង ហើយដោះស្រាយបញ្ហានៅហ្នឹងកន្លែង លើកលែងតែយើងដោះ ស្រាយ មិនចេញហួសសមត្ថភាពរបស់យើង។ តែបើបញ្ហានៅក្នុងសមត្ថភាពរបស់យើងហើយ យើងត្រូវខិតខំដោះស្រាយ»

បើតាមការបញ្ជាក់របស់សម្ដេចក្រឡាហោម មូលហេតុផ្សេងទៀត ដែលប្រជាពលរដ្ឋរាយការណ៍ ទុកកង្វល់មកសម្ដេចបែបនេះ គឺដោយសារមិនទុកចិត្តអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមិនដោះស្រាយ បញ្ហាទាំងអស់នេះឲ្យពួកគាត់ ឬមិនអើពើ ហើយចាត់ទុកជាបញ្ហាធម្មតា។

ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា «ខ្ញុំជួបប្រទះច្រើនហើយ ជួនកាល បញ្ហាច្រើនពេកពួកគាត់មិនសូវឲ្យតម្លៃ មិនសូវយកចិត្តទុកដាក់ទេ អញ្ជឹងខ្ញុំស្នើថា ទោះបីបញ្ហាតូចក៏ ដោយបញ្ហាធំក៏ដោយ យើងជាមន្ដ្រីមិនត្រូវបោះបង់ចោលទេ។ ត្រូវប្រមូលមកទាំងអស់ ដើម្បីពិនិត្យ »។ ប្រមុខដឹកនាំក្រសួងមហាផ្ទៃរូបនេះបានរំលឹករឿងថា កាលពីមុនសំបុត្រអនាមិក គេមិនសូវឲ្យ តម្លៃនោះទេ ប៉ុន្ដែបច្ចុប្បន្ននេះមិនត្រូវអនុវត្តបែបនេះឡើយ បើទោះបីអ្នកផ្ដល់ព័ត៌មាននេះ ជាជនអនា មិកឲ្យតែព័ត៌មាននោះពិត គឺត្រូវតែដោះស្រាយ។ សម្ដេចថា មូលហេតុអីបានគេធ្វើអនាមិក ដោយ សារគាត់មិនហ៊ានចេញមុខ ព្រោះរឿងនោះរសើប ហើយពេលចេញមុខទៅអាចប៉ះពាល់ដល់ សុវត្ថិភាពខ្លួនគាត់។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ទៀតថា នៅពេលសម្ដេចទទួលបានព័ត៌មានទាំងអស់ នេះ តាមរយៈ Facebook ហើយនោះ ក្រុមការងាររបស់សម្ដេចបានរៀបចំបែងចែកព័ត៌មានទាំង អស់នោះ ទៅតាមអង្គភាពនីមួយៗ ដែលស្ថិតក្នុងដែនសមត្ថកិច្ច ដើម្បីបញ្ជូនបន្ដទៅថ្នាក់មូលដ្ឋាន សិក្សាដោះស្រាយ។ សម្ដេចបន្ដថា កន្លែងខ្លះក៏បានដោះស្រាយ ហើយបញ្ជូនរបាយការណ៍មកវិញ ថា បានដោះស្រាយរួចរាល់ ប៉ុន្ដែកន្លែងខ្លះមិនបញ្ជូនរបាយការណ៍ត្រលប់មកវិញទេ។

ក្នុងន័យនេះ សម្ដេចបានបញ្ជាក់ច្បាស់ថា គ្រប់បណ្ដាអង្គភាព ស្ថាប័នចំណុះក្រសួងមហាផ្ទៃ នៅ ពេលទទួលបានសេចក្ដីរាយការណ៍ ឬរបាយការណ៍ទៅ ត្រូវចាត់ចែងដោះស្រាយ និងឆ្លើយតប ភ្លាមៗត្រលប់មកវិញ មិនមែនដាក់ទៅស្ងាត់គ្មានការឆ្លើយតបនោះទេ។

សម្ដេចក្រឡាហោម ស ខេង ហាក់ងឿងឆ្ងល់ដែរថា មិនគួរណាឲ្យតូចបន្ដិចបន្ទួចនៅមូលដ្ឋាន លោត មកដល់ថ្នាក់លើទាល់តែសោះគួរណាស់តែមន្ដ្រីមូលដ្ឋានត្រូវយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋ ហើយថ្នាក់ដឹកនាំដោះស្រាយបញ្ហាណាដែលមានវិសាលភាពធំៗ មិនមែនដោះស្រាយរឿង មូលដ្ឋានបែបនេះឡើយ៕