សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រាប់ឲ្យ ខិតខំទាំងអស់គ្នា ដើម្បីកាត់បន្ថយសំរាមហូរចូលលូ ប្រឡាយ និងទន្លេ ខណៈបច្ចុប្បន្នសំរាម ក្នុងរាជ ធានីភ្នំពេញ មួយថ្ងៃប្រមាណ៣ពាន់តោន។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើក ការដ្ឋាន សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក លើផ្ទៃដីទំហំ៣ហិកតា ស្ថិតនៅភូមិព្រែក តាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ឥលូវនេះ សំរាមក្នុងរាជធានីភ្នំពេញ ក្នុង មួយថ្ងៃ គឺមានប្រមាណ៣ពាន់តោន […] អ្វីដែលជាបញ្ហាកង្វល់របស់យើង គឺបញ្ហាប្រជាពលរដ្ឋ របស់យើង មិនព្រមរៀបចំសម្អាតអនាម័យ តាមរយៈការប្រមូលសំរាមនេះ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ឲ្យអ្នកធ្វើអនាម័យប្រមូលសំរាម គឺប្រមូលមិនអស់ នោះទេ បើយើងនាំគ្នាដើរតែទទួលទានហើយ បោះចោលក្រៅធុងសំរាម មានធុងសំរាមនៅក្បែរ ហើយ ក៏មិនព្រមដាក់នោះ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា ឥឡូវនេះ មានការរៀបចំឲ្យមានការញែករវាង សំណល់រឹង ជាមួយនឹងសំរាម ធម្មតា ក៏ប៉ុន្ដែមិនព្រមធ្វើបែបនេះទេ ដែលបង្កើតឲ្យមានបញ្ហា ទៅ ជាទីធ្លាចាក់សំរាម ដែលឥលូវត្រៀមដោះដូរ ពីស្ទឹងមានជ័យ ទៅកាន់កន្លែងផ្សេង។
ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន ក៏សូមអំពាវនាវ ចំពោះប្រជាពលរដ្ឋរស់នៅទីក្រុងភ្នំពេញ ឬចូលមកលេងទីក្រុងភ្នំពេញ សូមមេត្ដាប្រកាន់ខ្ជាប់នូវអនាម័យ។ អនាម័យនេះ វាមិនមែនបានមក សម្រាប់ណាទេ គឺសម្រាប់យើងទាំងអស់គ្នា។
លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឲ្យធ្វើយ៉ាងណា កុំឲ្យថង់ប្លាស្ទិក ឬសំរាម នានា មានការហូរចូលទៅក្នុងទន្លេ ចូលទៅក្នុងបឹង ចូលទៅក្នុងលូរ ដោយត្រូវខិតខំទាំងអស់គ្នា ដើម្បីទីក្រុងស្អាតរបស់យើង។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា អ្នកបោះចោលសំរាម ពាសវាលពាសកាល គួរខ្មាស ក្មេងៗ ដែលទទួលបានការអប់រំ ហើយចេះទុកដាក់សំរាមបានត្រឹមត្រូវ៕