អាមេរិកថា ចិនចាំបាច់ត្រូវ «សកម្មភាពជាងនេះ» ក្នុងកិច្ចប្រឹងប្រែងបន្ធូរបន្ថយបំណុលរបស់ក្រុម ប្រទេស G20


 (វ៉ាស៊ីនតោន)៖  យោងតាមទីភ្នាក់ងារព័ត៌មាន AFP បានបញ្ជាក់អោយដឹងថា លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកបានឱ្យដឹងថា ប្រទេស ចិនចាំបាច់ត្រូវធ្វើកិច្ចការបន្ថែមទៀត ដើម្បីពន្លឿនកិច្ចប្រឹងប្រែងពិភលោកក្នុងការផ្តល់ការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រដែលបង្កើនការខ្ចីប្រាក់ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩។ ក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារព័ត៌មាន AFP លោកស្រី Yellen បានទទួលស្គាល់ថា គំនិត ផ្តួចផ្តើមរបស់ក្រុមប្រទេស G20 ក្នុងការជួយប្រទេសជាប់បំណុល«មិនដើរទៅមុខលឿនខ្លាំងឡើយ»  ហើយសហរដ្ឋអាមេរិក «សង្ឃឹមថានឹងមើលឃើញការចូលរួមសកម្មជាងនេះ» ពីប្រទេសចិន។

លោកស្រី Yellen ចូលរួមក្នុងកិច្ចប្រជុំតាមវីដេអូរបស់ក្រុមរដ្ឋមន្ត្រី និងមន្ត្រីធនាគារកណ្តាលរបស់ ក្រុមប្រទេស G20 ក្នុងទីក្រុងហ្សការតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍ នេះ ដែលនៅក្នុងកិច្ចប្រជុំនេះ ការកើនឡើងក្តីបារម្ភអំពីចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកំពុង អភិវឌ្ឋន៍នឹងក្លាយជាបញ្ហាដែលត្រូវយកមកពិភាក្សា។

ក្នុងអំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ ក្រុមប្រទេស G20 បានដាក់ដំណើរាករគំនិតផ្តួច ផ្តើមផ្អាកសេវាបំណុល (Debt Service Suspension Initiative) ដើម្បីជួយដល់ប្រទេសនានាដែល បានខ្ចីប្រាក់ច្រើនឱ្យដោះស្រាយបញ្ហាវិបត្តិសុខភាព និងសេដ្ឋកិច្ច ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានបញ្ចប់ នៅខែធ្នូឆ្នាំមុន។

ក្រុមប្រទេសនេះកាលពីឆ្នាំមុនបានអនុម័តផែនការក្របខ័ណ្ឌរួមមួយ ដើម្បីផ្តល់ផ្លូវមួយឱ្យមានការ រៀបចំរចនាសម្ព័ន្ធបំណុលធំៗឡើងវិញ ប៉ុន្តែវានៅតែមានភាពមិនច្បាស់លាស់ ហើយមានតែ ប្រទេសបីប៉ុណ្ណោះគឺ ប្រទេសឆាដ អេត្យូពី និងសំប៊ី បានស្នើសុំចរចាបំណុលឡើងវិញស្ថិតក្រោម លក្ខខណ្ឌរបស់ផែនការនេះ។

ធនាគារពិភពលោក និងមូលនិធិ IMF បានរំឭកពីការកើតមានផលវិបាកធ្ងន់ធ្ងរលុះត្រាតែប្រទេស ច្រើនជាងនេះត្រូវបានផ្តល់ការពន្យាការសងបំណុលនេះ។

ឧបសគ្គសំខាន់មួយគឺកង្វះព័ត៌មានអំពីទំហំបំណុលដែលក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលនានាជំពាក់ ប្រទេសចិន និងស្ថាប័នផ្តល់ប្រាក់កម្ចីមួយចំនួនផ្សេងទៀត។

លោកស្រី Yellen ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ខណៈដែលប្រទេសនានាដូចជាចិន «បានព្រម ព្រៀងចូលរួម» ក្នុងគំនិតផ្តួចផ្តើមនេះហើយ យើងពិតជាត្រូវដើរឱ្យលឿនជាងនេះ ដើម្បីសម្រប សម្រួលឱ្យបានរហ័សនិងកាន់តែមានប្រសិទ្ធភាពដល់ការបន្ធូរបន្ថយបំណុលតាមរយៈក្របខ័ណ្ឌរួមនេះ»៕