(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ អោយដឹងថា ពីរថ្ងៃជាប់ៗគ្នាមកនេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចេញមុខអះអាងដោយផ្ទាល់ អំពីការត្រៀមវាយប្រហារដោយរុស្ស៊ីទៅលើអ៊ុយក្រែន នៅក្នុង ពេលឆាប់ៗ ហើយរុស្ស៊ីវិញក៏បានចាត់ទុកថា សហរដ្ឋអាមេរិក និងលោកខាងលិចកំពុងប្រឌិត ព័ត៌មាន ដើម្បីបង្កើនភាពតានតឹង ដ៏គ្រោះថ្នាក់ផងដែរ។
នៅថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) លោក ចូ បៃដិន បានអះអាងថា ប្រធានាធិប តីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានសម្រេចចិត្តរួចទៅហើយ ក្នុងការវាយប្រហារប្រទេសអ៊ុយក្រែន ហើយបុរសខ្លាំងរុស្ស៊ីរូបនេះ ក៏កំពុងតែធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ដើម្បីបង្កើតចេញទៅជា «លេស» មួយ សម្រាប់បើកការវាយលុកអ៊ុយក្រែន នៅប៉ុន្មានថ្ងៃខាងមុខនេះទៀតដែរ។
លោក ចូ បៃដិន បានថ្លែងដោយមានរបាយការណ៍ ពីក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់ របស់អាមេរិក ជាសម្អាងថា «រហូតមកទល់នឹងពេលនេះ ខ្ញុំជឿជាក់ថា លោក (ពូទីន) បានសម្រេចចិត្តក្នុងការ ឈ្លានពាន (អ៊ុយក្រែន) រួចទៅហើយ។ យើងមានហេតុផល ដើម្បីជឿជាក់លើរឿងនេះ»៕