កម្ពុជា-ជប៉ុន បើកកិច្ចប្រជុំគណៈកម្មាធិការចម្រុះ រួមគ្នាធ្វើឱ្យប្រសើរឡើងបរិយាកាសវិនិយោគ និង ធុរកិច្ច, គិតត្រឹមដំណាច់ខែមករា ឆ្នាំនេះ ជប៉ុនវិនិយោគនៅកម្ពុជា មានទឹកប្រាក់ ២.៩ប៊ីលានដុល្លារ


 (ភ្នំពេញ)៖ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គ នាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ទីភ្នាក់ងារសហប្រតិ បត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានប្រតិបត្តិការវិនិ យោគនៅកម្ពុជា ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ១៣០ រូប។ កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់ តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមអតីតនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។

ក្នុងស្មារតីរួមគ្នាធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា កិច្ចប្រជុំនេះបាន ផ្ដល់ឱកាសជូនវិនិយោគិនជប៉ុនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរនានាជូនភាគីរាជរដ្ឋាភិ បាល។ ប្រធានបទដែលត្រូវបានលើកមកពិភាក្សា ក្នុងកិច្ចប្រជុំលើកទី២៣នេះរួមមាន៖ (១)-ការ ទូទាត់ប្រាក់បំណាច់អតីតភាពការងារ (២)- ពន្ធកាត់ទុកលើប្រាក់បៀវត្ស និងការបង្វិលសងអាករ តម្លៃបន្ថែម (៣)- ភ័ស្តុភារកម្ម (ការពន្លឿនដំណើរការនៅតាមច្រកព្រំដែនថៃ និងវៀតណាម) (៤)- ការកាត់បន្ថយតម្លៃអគ្គីសនី និងការដាច់ចរន្តអគ្គិសនី) និង (៥)- ការនាំចូលរថយន្តដោយអ្នកដែល មិនបានទទួលសិទ្ធិ។

ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវក្តីសោកស្តាយជាខ្លាំង ដោយបានទទួលដំណឹងពីមរណ ភាពរបស់លោក កូជី កាន់ហ្សាគី (Koji Kanzaki ) ដែលជាពលរដ្ឋជប៉ុនមួយរូប បានចំណាយពេល វេលាប្រមាណ៣៨ឆ្នាំនៃជីវិតដើម្បីពង្រឹងចំណងទាក់ទងរវាងជប៉ុន និងកម្ពុជា និងបានចូលរួមសាង សង់សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។

ឯកឧត្តម បានលើកឡើងពីទំនាក់ទំនងដែលកាន់តែល្អប្រសើរ ដែលត្រូវបានសបញ្ជាក់តាមរយៈ ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដូចជាជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចតេជោនាយក រដ្ឋមន្ត្រី ជាមួយនាយករដ្ឋមន្ត្រីជប៉ុន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងជំនួបរវាងលោក ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំជប៉ុន នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុននា សប្តាហ៍នេះ។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសាជាថ្មី ដល់វិនិយោគិនជប៉ុន ដែល បន្តផ្តល់ទំនុកចិត្ដខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាចាំ បាច់ដើម្បីបង្កើតបរិស្ថានវិនិយោគដែលមានភាពអំណោយផល។

ឆ្លៀតឱកាសនេះ ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូបានរំលេចពីច្បាប់ ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រ កម្ពុជា ដែលទើបត្រូវបានអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបាន កំពុងក្លាយជាមូលដ្ឋានគតិយុត្តិដ៏រឹងមាំមួយទៀត របស់កម្ពុជា សម្រាប់ទាក់ទាញការវិនិយោគ និងជួយជំរុញដល់ការស្ដារសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។

ឯកឧត្តម រដ្ឋមន្រ្តីប្រតិភូ ក៏បានថ្លែងអំណរគុណ ចំពោះការចូលរួមប្រកបដោយការទទួលខុសត្រូវ ខ្ពស់ របស់អង្គការ JETRO និង ធនាគារមីហ្ស៊ូហូ ដែលបានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីវិនិយោគថ្មីជូនវិនិយោគិនជប៉ុន ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផល ជាផ្លែផ្កា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១៕