(ហុងឌូរ៉ាស)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ប្រាប់អោយដឹងថា សហរដ្ឋអាមេរិក បានស្នើសុំឱ្យរដ្ឋាភិបាលនៃ ប្រទេសហុងឌូរ៉ាស ចាប់ខ្លួនអតីតប្រធានាធិបតី លោក ហ័ន អ័រលែនដូ ហឺណាន់ដែស (Juan Orlando Hernandez) ខណៈមានការរំពឹងថាលោកអាចនឹងត្រូវបានគេធ្វើបត្យាប័ន ទៅកាន់សហ រដ្ឋអាមេរិក។ ជុំវិញការស្នើសុំនេះដែរ, ខាងក្រសួងការបរទេសហុងឌូរ៉ាស បានឱ្យថាខ្លួនទទួលបាន ការជូនដំណឹងពីតុលាការកំពូលថាស្ថានទូតអាមេរិក បានស្នើឱ្យ អាជ្ញាធរហុងឌូរ៉ាស ចាប់ខ្លួន និង ធ្វើបត្យាប័នអ្នកនយោបាយហុងឌូរ៉ាសម្នាក់ ដោយមិនបានបញ្ជាក់ពីអត្តសញ្ញាណឡើយ។ ប៉ុន្តែ អនុប្រធានាធិបតី ហុងឌូរ៉ាស់បច្ចុប្បន្ន គឺលោក សាល់វ៉ាដ័រ ណាស្រ្តាឡា (Salvador Nasralla) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថាអ្នកនយោបាយរូបនោះគឺលោក Hernandez។
សូមបញ្ជាក់ថា កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាន និយាយ ថាលោក Hernandez ដែលបានចាកចេញពី តំណែងកាលពីថ្ងៃទី២៧ ខែមករាកន្លង ទៅនេះ ត្រូវបានបញ្ចូលកាលពីឆ្នាំមុនទៅក្នុងបញ្ជីឈ្មោះនៃក្រុមបុគ្គលដែលត្រូវបានចោទប្រកាន់ ពីបទពុករលួយ និងបំផ្លាញប្រជាធិតេយ្យនៅក្នុងប្រទេស អែល សាល់វ៉ាដ័រ, ហ្កាតេម៉ាឡា និងហុង ឌូរ៉ាស។ ប៉ុន្តែ លោក Hernandez ផ្ទាល់បានច្រានចោលការចោទប្រកាន់ទាំងនេះ៕