ឯកឧត្តម បណ្ឌិត កៅ គឹមហួន អោយដឹងថា មេដឹកនាំរបបយោធាមីយ៉ាន់់ម៉ា យល់ព្រមឲ្យប្រេសិត ពិសេសអាស៊ាន ជួបសមាជិកគណបក្សរបស់លោកស្រី អោង សានស៊ូជី ដែលកំពុងជាប់ឃុំឃាំង


 (បាងកក)៖  តាមការគូសបញ្ជាក់ ឯកឧត្តម បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រាប់នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២អោយដឹងថា មេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោក មីន អោង ឡាំង បានឯកភាពក្នុងការរៀបចំ ជំនួបរវាងប្រេសិតពិសេសអាស៊ាន មកពីប្រទេសកម្ពុជា និងសមាជិកនៃគណបក្ស NLD របស់លោកស្រី អោង សាន ស៊ូជី នាឱកាសបំពេញទស្សនកិច្ចនៅ ពេលអនាគត។

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកមួយ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម បណ្ឌិត កៅ គឹមហួន (Kao Kim Hourn) បានឱ្យដឹងថា ការសន្យាខាងលើរបស់លោក មីន អោងឡាំង ធ្វើ ឡើងនៅក្នុងជំនួបតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែមករា ជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបណ្ឌិតបន្ថែមថា លោក មីន អោងឡាំង មិនបានបញ្ជាក់លម្អិតថា តើប្រេសិត ពិសេសអាស៊ាន នឹងត្រូវជួបជាមួយសមាជិកណាម្នាក់ មកពីគណបក្សលោកស្រី ស៊ូជី នោះទេ។

ឯកឧត្តម បណ្ឌិត កៅ គឹម ហួន បានបញ្ជាក់ដូច្នេះថា «កំឡុងកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូ រវាង នាយក រដ្ឋមន្ត្រីរបស់យើង និងលោក មីន អោងឡាំង បានថ្លែងថា ពួកគេអាចនឹងអនុញ្ញាតឱ្យមានជំនួបជាមួយ សមាជិកមួយចំនួនមកពីគណបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ប៉ុន្តែយើងមិនដឹងថា គឺជានរណានោះឡើយ»

សូមជម្រាបជូនថា ជម្លោះនៅមីយ៉ាន់ម៉ា ដែលកើតឡើងនៅក្រោយរដ្ឋប្រហារយោធាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១មក បានផ្ដាច់ជីវិតមនុស្សច្រើនជាង ១,៥០០នាក់ហើយ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវ បានចាប់ឃុំខ្លួន។ លោកស្រី អោង សាន ស៊ូ ជី និងមន្ត្រីជាន់ខ្ពស់នៃអតីតរដ្ឋាភិបាលលោកស្រី មួយចំនួនទៀត ក៏កំពុងស្ថិតក្នុងការឃុំខ្លួន ដើម្បីរង់ចាំការកាត់ទោសជាបន្តបន្ទាប់ផងដែរ៕