(ហែលស៊ីងគី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២បញ្ជាក់ថា រដ្ឋាភិបាលហ្វាំងឡង់បានចុះហត្ថលេខារួចរាល់ហើយ នៅថ្ងៃសុក្រសប្តាហ៍នេះ លើកិច្ចព្រមព្រៀងជាកញ្ចប់មួយ ដែលមានតម្លៃជាទឹកប្រាក់ ៩.៤ពាន់លានដុល្លារអាមេរិក ក្នុងនោះរួមមានយន្តហោះចម្បាំង-បំបាំងកាយ F-35s ចំនួន ៦៤គ្រឿង និងប្រព័ន្ធសព្វាវុធថ្មីៗទៀត។
ប្រទេសអឺរ៉ុបខាងជើង ដែលមានព្រំដែនជាប់នឹងប្រទេសរុស្ស៊ីមួយនេះ បានចុះហត្ថលេខាដើម្បីទិញយន្តហោះចម្បាំង F-35s ពីក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។ វាជាយន្តហោះដែលមានសមត្ថភាព គេចចេញពីការចាប់សញ្ញារបស់ប្រព័ន្ធរ៉ាដា និងមានភាពល្បីល្បាញផងដែរ ខណៈសម្ព័ន្ធមិត្តអាមេរិកជាច្រើនសុទ្ធតែបានបញ្ជាទិញ និងកំពុងប្រើប្រាស់។
ប្រទេសហ្វាំងឡង់ដែលមិនមែនជាសមាជិករបស់ NATO នោះ ត្រូវបានគេមើលឃើញថា បានរក្សាការអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួន ស្របទៅនឹងប្រទេសជាសមាជិក NATO ផ្សេងៗទៀតដែរ។ បើតាមការគ្រោងទុក យន្តហោះ F-35s ដំបូងនឹងត្រូវប្រគល់ឲ្យហ្វាំងឡង់នៅឆ្នាំ២០២៧។
សូមជម្រាបថា នៅមុនការចុះហត្ថលេខាខាងលើនេះ, ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំនៅសហរដ្ឋអាមេរិក លោក មីកកូ ហៅតាឡា (Mikko Hautala) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាសញ្ញាថ្មីមួយទៀត ដែលបញ្ជាក់អំពីការយកចិត្តទុកដាក់ ខ្លាំងបំផុតរបស់ហ្វាំងឡង់ នៅក្នុងកិច្ចការពារជាតិរបស់ខ្លួន។ វាគឺជាផ្នែកមួយ នៃផែនការជាយូរមកហើយរបស់យើង និងមិនពាក់ព័ន្ធអ្វី ទៅនឹងស្ថានការណ៍នាបច្ចុប្បន្នកាលនេះ (រវាងរុស្ស៊ី និងអ៊ុយក្រែន) ឡើយ»៕