(បូហ្គូតា)៖ តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ ២០២២ បានប្រាប់អោយដឹងថា បេក្ខជនប្រធានាធិបតីនាំមុខគេម្នាក់ នៅក្នុងការបោះឆ្នោតប្រធា នាធិបតីកូឡុំប៊ី នៅខែឧសភាខាងមុខនេះ បានសូមអភ័យទោសសម្រាប់ការថ្លែងសុន្ទរកថាទាំង កំពុងស្ថិតនៅក្រោមឥទ្ធិពលនៃសុរា ដែលបង្កឱ្យមានការរិះគន់ និងសើចចំអកពីសំណាក់គូប្រជែង របស់លោក។ លោក ហ្គូស្ដាវ៉ូ ប៉េត្រូ (Gustavo Petro) បានទទួលស្គាល់ថារូបលោកពិតជាអស់ កម្លាំង ក្រោយការធ្វើដំណើរទៅកាន់តំបន់អឺរ៉ុបកាលពីសប្ដាហ៍មុន ហើយ ពិតជាស្ថិតនៅក្រោម ស្ថានភាពស្រវឹង កំឡុងថ្លែងសុន្ទរកថាក្នុងពិធីជួបជុំមួយនៅឯទីក្រុង ហ្ស៊ីរ៉ាដូត (Girardot) ស្ថិតនៅ ចម្ងាយ៨០គីឡូម៉ែត្រ ពីភាគនិរតី នៃរដ្ឋធានីបូហ្គូតា (Bogota) កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ។ នៅក្នុងសារបង្ហោះលើ Twitter កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ប៉េត្រូ បានបញ្ជាក់ យ៉ាងខ្លីដូច្នេះ ថា «ខ្ញុំសូមអភ័យទោស ទៅដល់អ្នកដែលបានចូលរួមក្នុងជំនួបនោះ និងការប្ដេជ្ញាចិត្តដែលខ្ញុំបាន សន្យាថានឹងគោរពទោះជា ខ្ញុំអស់កម្លាំងក៏ដោយ»។
សូមជម្រាបថា បច្ចុបន្ន លោក ហ្គូស្ដាវ៉ូ ប៉េត្រូ មានអាយុ ៦១ឆ្នាំ គឺជាបេក្ខជនប្រធានាធិបតីនាំមុខគេ នៅក្នុងការស្ទង់មតិ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅក្នុងប្រទេសកូឡុំប៊ី។ ការបោះឆ្នោតប្រធានាធិបតីជុំទី១ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភាខាងមុខនេះ៕