(បាងកក)៖ យោងតាមកាសែតបាងកកប៉ុស្តិ៍ គឺបានបញ្ជាក់ថា រដ្ឋាភិបាលថៃរំពឹងថា ពាណិជ្ជកម្ម ឆ្លងព្រំដែននឹងកើនឡើងចន្លោះពី ៥-៧ភាគរយដល់ ១,១ទ្រីលានបាត (ប្រហែល ៣៣ប៊ីលាន ដុល្លារ) នៅឆ្នាំនេះ ដែលជំរុញដោយការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក កំណើនសេដ្ឋ កិច្ចនិងតម្រូវការក្នុងប្រទេសជិតខាង ព្រមទាំងការធ្លាក់ចុះថ្លៃប្រាក់បាតថៃ។ លោក Jurin Laksanawisit រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានថ្លែងថា គម្រោងរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលបានដំណើរការនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ និងការពន្លឿនការបើកច្រកព្រំដែនឡើងវិញ របស់ក្រសួងពាណិជ្ជកម្មថៃក៏គួរតែជួយធ្វើឱ្យសកម្មភាពពាណិជ្ជកម្មឆ្លងព្រំដែនមានភាពប្រសើរឡើងផងដែរនៅឆ្នាំនេះ។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ប្រទេសថៃបានបើកច្រកព្រំដែនសរុប ចំនួន ៤៨កន្លែងឡើងវិញ រួមទាំងច្រកព្រំដែននៅ Tak Bai និង Buketa ក្នុងខេត្តណារ៉ាតធីវ៉ាត់ នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំមុន។ ច្រកព្រំដែនប្រហែល ៤៩ទៀតនៅបិទនៅឡើយដោយសារការ រាតត្បាតជំងឺកូវីដ-១៩។
លោក Jurin បានថ្លែងថា ក្រសួងពាណិជ្ជកម្មមានបំណងបើកច្រកព្រំដែនចំនួន១២ បន្ថែមទៀត នៅឆ្នាំនេះហើយក្រសួងប្តេជ្ញាថានឹងបន្តធ្វើការងារជាមួយវិស័យឯកជនដើម្បីបង្កើតពាណិជ្ជកម្មនៅតាមព្រំដែន និងដោះស្រាយឧបសគ្គនានា។
ក្រសួងពាណិជ្ជកម្មបានរាយការណ៍កាលពីពុធថា ពាណិជ្ជកម្មឆ្លងព្រំដែនសរុបរបស់ប្រទេសថៃ រួមទាំងការផ្ទេរទំនិញ (transit trade) មានទឹកប្រាក់សរុបចំនួន ១,៧១ទ្រីលានបាត (ប្រហែល ៥១ប៊ីលានដុល្លារ) ក្នុងឆ្នាំ២០២១ កើនឡើង ៣០ភាគរយធៀបនឹងឆ្នាំ២០២០។
ក្នុងចំណោមទឹកប្រាក់សរុប ការនាំចេញមានចំនួន ១,០៣ទ្រីលានបាត កើនឡើង ៣៤,៦ភាគរយ ខណៈដែលការនាំចូលកើនឡើង ២៣,៧ភាគរយដល់ ៦៨៤ប៊ីលានបាត ដែលបង្កើតបានជាអតិរេក (ផលលើស) ពាណិជ្ជកម្មចំនួន ៣៤៧ប៊ីលានបាត។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕