អង្គការ NATO និយាយថា ឥឡូវនេះរុស្ស៊ីបានដាក់ពង្រាយកងទ័ពនៅក្បែរប្រទេសបេឡារុស្ស ច្រើនជាងពេលណាទាំងអស់ចាប់តាំងពីសង្គ្រាមត្រជាក់


 (ប្រ៊ុចសែល)៖  តាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បានបញ្ជាក់ថា អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានសម្តែង ការព្រួយបារម្ភកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនៅតែបន្តបង្កើនកម្លាំងយោធារបស់ខ្លួននៅជុំវិញ អ៊ុយ ក្រែន ដោយបានគូសបញ្ជាក់ថា ឥឡូវនេះទីក្រុងមូស្គូបានដាក់ពង្រាយកងទ័ព និងឧបករណ៍យោធា បន្ថែមទៀតទៅកាន់ប្រទេសបេឡារុស្ស ដែលច្រើនជាងពេលណាទាំងអស់ ក្នុងរយៈពេល៣០ឆ្នាំ។

លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅឯទីស្នាក់ការកណ្តាលរបស់អង្គការ NATO ក្នុង ទីក្រុងប្រ៊ុចសែលថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ យើងបានឃើញចលនាដ៏ធំនៃកងកម្លាំង យោធារុស្ស៊ីទៅកាន់ប្រទេសបេឡារុស្ស។ នេះគឺជាការដាក់ពង្រាយដ៏ធំបំផុតរបស់រុស្ស៊ីនៅទីនោះ ចាប់តាំងពីសង្គ្រាមត្រជាក់មក»។

លោកបាននិយាយថាចំនួនកងទ័ពរុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សទំនងជាកើនឡើងដល់៣០,០០០នាក់ ដោយមានការគាំទ្រពីកងកម្លាំងពិសេស យន្តហោះចម្បាំងទំនើបៗ មីស៊ីលផ្លោងរយៈចម្ងាយខ្លី Iskander និងប្រព័ន្ធការពារមីស៊ីលពី S-400 ៕