(ភ្នំពេញ)៖ យោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គឺក្នុងឱកាសពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែកុម្ភៈ ឆ្នាំ២០២២ មានភ្ញៀវទេសចរចេញដើរ លេងកម្សាន្តប្រមាណជិត១លាននាក់។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីស្ថានភាពភ្ញៀវ ទេសចរដើរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជនចិនរយៈពេល៣ថ្ងៃ (០១-០៣ ខែកុម្ភៈ ២០២២) ដូចខាងក្រោម៖
ភ្ញៀវសរុបមានចំនួនប្រមាណ ៩៤៧,៤៩៧ នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១,៣០៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦,១៨៩ នាក់ក្នុងចំនួនសរុបខាងលើ ចំនួនភ្ញៀវតាមថ្ងៃនីមួយៗ រួមមាន៖
* ថ្ងៃទី១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ៖ ភ្ញៀវប្រមាណ ៣៣៣,៧០៩ នាក់។
* ថ្ងៃទី២ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ៖ ភ្ញៀវប្រមាណ ៣៥៣,២១៦ នាក់។
* ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ៖ ភ្ញៀវប្រមាណ ៣០៧,៤២១ នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រយៈពេល៣ថ្ងៃនេះ រួមមាន៖
* រាជធានីភ្នំពេញ ២៥៨,០៦៩ នាក់
* ខេត្តបាត់ដំបង ១៩៣,៥៦៧ នាក់
* ខេត្តព្រះសីហនុ ៩៧,៥៤២ នាក់
* ខេត្តកំពត ៦៦,៥៣៤ នាក់
* ខេត្តសៀមរាប ៥៨,៩៥៣ នាក់
* ខេត្តកែប ៥៥,២៥១ នាក់
* ខេត្តកណ្តាល ៥២,៣៩៤ នាក់។
ឯកឧត្តម បានបញ្ជាក់ថា បើទោះបីពុំមានថ្ងៃឈប់សម្រាកផ្លូវការ ប៉ុន្តែចរន្តភ្ញៀវទេសចរនាកំឡុង ៣ថ្ងៃនេះ មានសភាពផុលផុសនៅគ្រប់គោលដៅទេសចណ៍សំខាន់ៗទូទាំងប្រទេស។ ជាក់ស្តែង តួលេខខាងលើមានការកើនឡើងប្រមាណ ៦.១៥% ធៀបនឹងរយៈពេលដូចគ្នានៃពិធីចូលឆ្នាំចិន កាលពីឆ្នាំ២០២១។ ស្ថានភាពចរាចរណ៍នៅរាជធានីភ្នំពេញមិនសូវមមាញឹក និងកកកុញទេ រយៈ ពេល៣ថ្ងៃនេះ ដោយប្រជាពលរដ្ឋ ពិសេសអ្នកដែលជាប់ខ្សែស្រឡាយចិន-វៀតណាមបានផ្អាក សកម្មភាពលក់ដូរ អាជីវកម្ម ដើម្បីជួបជុំគ្រួសារ និងធ្វើដំណើរកម្សាន្តតាមគោលដៅទេសចរ ណ៍នានា។ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងប្រជាពលរដ្ឋនៅមូលដ្ឋានមានក្តីរីករាយជាមួយ ចរន្តភ្ញៀវទេសចរដ៏ច្រើននេះខណៈដែលចរន្តភ្ញៀវទេសចរនឹងបន្តមានសន្ទុះខ្លាំងរហូតដល់ចុងសប្តាហ៍ ស្របពេលដែលចរន្តសេដ្ឋកិច្ចដែលមកពីការទិញរបស់របរ និងម្ហូបអាហារសម្រាប់សែនព្រេននា ឱកាសចូលឆ្នាំនេះ ក៏បានចាក់បញ្ចូលដោយផ្ទាល់ និងប្រយោលក្នុងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ច មូលដ្ឋាន។
ដោយឡែក សម្រាប់រយៈពេល៣ថ្ងៃនេះ មិនមានបញ្ហាធំដុំណាមួយកើតឡើងនោះទេ ដោយ គណៈបញ្ជាការឯកភាពរាជធានី-ខេត្តបានខិតខំក្នុងការថែរក្សាសណ្តាប់ធា្នប់ សន្តិសុខ សុវត្ថិភាព សម្រួលចរាចរណ៍ ដើម្បីឲ្យដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋទទួលបាននូវភាពរីករាយ។
ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍បានខិតខំក្នុងការចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងជំរុញការអនុវត្តវិធានការ ៣កុំ និង ៣ការពារ និងការជំរុញការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និង SOP ក្នុងការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩៕