រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជួបតំណាងស្ថានីយប្រេងឥន្ធនៈ ជជែកពីការរៀបចំ កន្លែងបញ្ចូលថាមពល យានយន្តអគ្គិសនី


 (ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងប្រឹងប្រែងឆ្ពោះទៅកាន់ការសម្រេចមហិច្ឆតាជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដើម្បីជួយដល់បរិស្ថាន និងកាត់បន្ថយការបំពុលក្នុងបរិយាកាស។

នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបជាមួយតំណាង ស្ថានីយប្រេងឥន្ធនៈធំៗនៅកម្ពុជា មានដូចជាក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ដើម្បីពិភាក្សាលើការងាររៀបចំឧបករណ៍សម្ភារបញ្ចូលថាម ពលយានយន្តអគ្គិសនី (EV Charging Station)។ ការរៀបចំកន្លែងបញ្ចូលថាមពលយានយន្តអគ្គិសនី គឺជាធាតុដ៏សំខាន់ ដើម្បីឈានទៅការលើកទឹក ចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនី។

ក្នុងជំនួបនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការជំរុញការប្រើប្រាស់ យានយន្តអគ្គិសនី EVs ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹក ជញ្ជូន ជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ទាក់ទងការដំឡើងស្ថានីយសាកថ្មយាន យន្ត EVs ការរៀបចំផែនការមេសម្រាប់គាំទ្រដល់ការប្រើប្រាស់យានយន្ត EVs ក្រោមការគាំទ្រពី UNDP និងការផ្ដល់ជូនម៉ូតូដើរដោយថាមពលអគ្គិសនីចំនួន ៣០គ្រឿង ដើម្បីធ្វើការសាកល្បង ផងដែរ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានជម្រាបជូនអំពីគម្រោងដំឡើងស្ថានីយសាកថ្ម យានយន្ត EVs នៅតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុចំនួនពីរកន្លែង និងនៅតាម បណ្ដាញផ្លូវជាតិសំខាន់ៗផងដែរដូចជា៖ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវជាតិ លេខ៧ ដោយសហការជាមួយស្ថានីយប្រេងឥន្ធនៈ និងគម្រោងដំឡើងស្ថានីយសាកថ្មយានយន្ត EVs នៅក្នុងរាជធានីចំនួន១០ទីតាំង ដោយសហការជាមួយវិនិយោគិនដែលមានសក្កានុពល។ បន្ថែមពីលើនោះក្រសួងកំពុងពិចារណាលើការស្នើឱ្យក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូនម្ហូបអាហារដូចជា៖ Food Panda និង NHAM24 ពិនិត្យលទ្ធភាពក្នុងការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួន។

ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងទិសដៅឆ្ពោះទៅកាន់ការ សម្រេចបាននូវការកាត់បន្ថយការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសផែនដីឱ្យនៅកម្រិតសូន្យនៅឆ្នាំ២០៥០ និងបានដាក់ជូនផែនការមេស្តីពីការប្រើប្រាស់យានយន្តអគ្គិសនី ទៅអង្គការសហ ប្រជាជាតិ ដោយកំណត់ឱ្យមានការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៤០% និងម៉ូតូដើរដោយថាមពលអគ្គិសនីក្នុងអត្រា ៣០%។

កិច្ចប្រជុំនេះក្រុមហ៊ុនបានសម្ដែងការគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងនិងខិតខំធ្វើការងារជាមួយថ្នាក់ដឹកនាំរបស់ខ្លួន ក្នុងការពិនិត្យលទ្ធភាព ដំឡើងឧបករណ៍សាកថ្មយានយន្ត EVs នៅតាមបណ្តា ទីតាំងស្ថានីយ៍នានារបស់ខ្លួន៕