ប្រទេសកូរ៉េខាងជើងបាញ់តេស្តមីស៊ីល ២គ្រាប់ទៀតហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ!


 (សេអ៊ូល)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២ បានប្រាប់អោយដឹងថា ប្រភពពីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់តេស្តមីស៊ីលចំនួន ២គ្រាប់ទៀតហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ហើយវាក៏ជាលើកទី ៦ ផងដែរសម្រាប់ខែមករាដើមឆ្នាំ ២០២២។

បើតាមប្រភពដដែល មីស៊ីលដែលកូរ៉េខាងជើងទើបបាញ់តេស្តនេះ គឺជាប្រភេទមីស៊ីលបាលីស្ទីក (ballistic missiles) ដែលបានកើតមានកាលពីវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ចេញពីតំបន់មួយឈ្មោះ ហាំហាំង (Hamhung) ស្ថិតនៅតំបន់ឆ្នេរសមុទ្រ ភាគខាងកើត នៃប្រទេសកូរ៉េខាងជើង។

បើតាមប្រភពពីប្រទេសជប៉ុនវិញ គ្រាប់មីស៊ីលកូរ៉េខាងជើងខាងលើនេះ ទំនងជាបានធ្លាក់នៅតំបន់ ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃសមុទ្រជប៉ុន។ វាបានកើតមានឡើង បន្ទាប់ពីការធ្វើតេស្តបាញ់ មីស៊ីលគ្រូស (cruise missile) ចំនួន ២គ្រាប់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលត្រូវជាលើកទី ៥ សម្រាប់ដើមឆ្នាំ ២០២២។

សូមជម្រាបថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំគណបក្សលោក ដើម្បីបើកទំព័រឆ្នាំ ២០២២ នោះបានប្តេជ្ញាថា នឹងបង្កើនសមត្ថភាពយោធាកូរ៉េខាងជើងបន្ថែមទៀត ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក ហើយលោកក៏បានបង្ហើប អំពីការចាប់ផ្តើមឡើងវិញ នូវសកម្មភាព ទាំងឡាយ ដែលត្រូវបានផ្អាកកន្លងមកនេះផងដែរ។ ប្រការនេះបាននាំឲ្យអន្តរជាតិ នឹកឃើញដល់ ការធ្វើតេស្ត អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងអន្តរទ្វីប (ICBM)៕