កំណើនសេដ្ឋកិច្ចថៃ រំពឹងថានឹងនៅតែកើនឡើងពី ៣,៥ ទៅ ៤,៥ភាគរយនៅឆ្នាំ២០២២ ទោះជាមានវីរុសអូមីក្រុងក្តី


(បាងកក)៖  យោងតាមកាសែតបាងកកប៉ុស្តិ៍ អោយដឹងថា សេដ្ឋកិច្ចរបស់ប្រទេសថៃនៅតែរំពឹងថា នឹងកើនឡើង ចន្លោះពី ៣,៥ ទៅ ៤,៥ភាគរយ នៅឆ្នាំនេះ ដែលត្រូវបានជំរុញដោយគោលនយោ បាយសារពើពន្ធ ការនាំចេញ និងការវិនិយោគ បើទោះជាការផ្ទុះវីរុសប្រភេទថ្មីអូមីក្រុងនៅតែជា បញ្ហាប្រឈមក្តី។ កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយស្រង់សំដីរបស់លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃដែលបានថ្លែងក្នុងសិក្ខាសាលាធុរកិច្ចមួយថា កំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២១ ត្រូវបានប៉ាន់ប្រមាណថានឹងសម្រេចបានត្រឹមតែ ១ភាគរយ ប៉ុណ្ណោះដោយសារវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសនេះនៅមិនទាន់ស្ទុះងើបឡើងវិញខ្លាំងនៅឡើយប៉ុន្តែការចាប់ផ្តើមឡើងវិញនូវការលើកលែងការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរបរទេសចាប់ពីខែក្រោយទៅ គួរតែជួយជំរុញវិស័យនេះវិញ។

លោករដ្ឋមន្ត្រីបានថ្លែងថា សន្ទុះនាំចេញគួរបន្តកើតមាន បើទោះជាមានការអាក់ខានចង្វាក់ផ្គត់ ផ្គង់ពិភពលោកក្តី។

លោក Arkhom បានថ្លែងថា រដ្ឋាភិបាលថៃមានផែនការវិនិយោគទឹកប្រាក់ចំនួន ៩០០ប៊ីលានបាត (ប្រហែល ២៧ប៊ីលានដុល្លារ) លើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំនេះ ហើយក៏មានគម្រោង វិនិយោគសាធារណៈនិងឯកជនផ្សេងទៀតផងដែរ។

លោកបន្តថា បន្ទាប់ពីមានផែនការខ្ចីប្រាក់ចំនួន ១,៥ទ្រីលានបាតកន្លងមក រដ្ឋាភិបាលថៃនៅតែ អាចខ្ចី ១០ភាគរយបន្ថែមទៀតនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រសិនបើចាំបាច់។ លោក Arkhom មានប្រសាសន៍ថា៖ «ស្ថានភាពសារពើពន្ធនៅតែខ្លាំង។ ក្នុងករណីមានវិបត្តិ រដ្ឋាភិបាល ត្រៀមរួចជាស្រេចដើម្បីគាំទ្រសេដ្ឋកិច្ច»។

ជាមួយនឹងការកើនឡើងតម្លៃទំនិញ លោករដ្ឋមន្ត្រីបានថ្លែងថា រដ្ឋាភិបាលនឹងព្យាយាមរក្សាអតិផ រណាឱ្យនៅក្នុងកម្រិតពី ១ ទៅ ៣ ភាគរយ។

លោក Sakkapop Panyanukul នាយកជាន់ខ្ពស់នៃធនាគារកណ្តាលថៃ បានប្រាប់សិក្ខាសាលាថា អតិផរណាអាចមានកម្រិតខ្ពស់ជាងការព្យាករ ប៉ុន្តែមិនប៉ះពាល់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋ កិច្ចឡើយ។ ធនាគារកណ្តាលព្យាករថា អតិផរណានឹងមាន ១,៧ភាគរយនៅឆ្នាំ២០២២ និង ១,៤ ភាករយនៅឆ្នាំ២០២៣។

ធនាគារកណ្តាលថៃរំពឹងថា ផ.ស.ស នឹងកើនឡើងជិត ១ភាគរយនៅឆ្នាំ២០២១ និង ៣,៤ភាគរយ នៅឆ្នាំនេះ ដែលត្រូវបានទម្លាក់ពី ៣,៩ភាគរយដោយសារការផ្ទុះវីរុសអូមីក្រុង។ ទិន្នន័យផ្លូវការសម្រាប់ឆ្នាំ២០២១ និងត្រីមាសទី៤ ឆ្នាំ២០២១ នឹងចេញផ្សាយនៅខែក្រោយ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕