(ស៊ីដនី)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ បានអោយដឹងថា យន្តហោះដឹកជំនួយមនុស្សធម៌នានា អាចចាកចេញទៅកាន់ប្រទេសដីកោះ តុងហ្កា (Tonga) ក្រោយរយៈពេល ៥ថ្ងៃ នៃគ្រោះមហន្តរាយ បង្កឡើង ដោយបន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ និងរលកយក្សស៊ូណាមិ វាយប្រហារប្រជុំកោះ ស្ថិតនៅក្នុងដែន សមុទ្រប៉ាស៊ីហ្វិកភាគនិរតីទាំងនេះ។
រដ្ឋាភិបាលអូស្ត្រាលី និងនូវែលសេឡង់ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះយោធាដឹក ជំនួយរបស់ពួកគេជាលើកដំបូង បានចាកចេញទៅកាន់ប្រទេសដីកោះ Tonga ហើយ ដោយត្រូវប្រើប្រាស់ពេលលើសពី ២ម៉ោង ទើបទៅដល់ព្រលានយន្តហោះសំខាន់របស់ Tonga ដែលទើបត្រូវ បានសម្អាត កាកសំណល់ធូលីផេះផង់ចេញ ដើម្បីសម្រួលដល់ការធ្វើ ចរាចរណ៍ផ្លូវអាកាសឡើង វិញ។
សូមជម្រាបថា យន្តហោះយោធាដឹកជំនួយ ដែលអូស្ត្រាលីបានបញ្ជូនទៅ Tonga នោះគឺជាប្រភេទ C17 ខណៈនូវែលសេឡង់វិញគឺ C-130។ ការហោះហើរត្រូវបានពន្យារពេល ក្រោយការផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិ វាយប្រហារដែនកោះនានារបស់ Tonga កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយទាំងសេវាអ៊ីនធើណិត និងប្រព័ន្ធធ្វើទំនាក់ទំនងមួយចំនួនទៀត ត្រូវបានកាត់ផ្តាច់ទាំងស្រុង។
បើតាមអាជ្ញាធរអូស្ត្រាលី និងនូវែលសេឡង់ ជំនួយសំខាន់ៗនៅលើយន្តហោះយោធានោះរួមមាន ទឹក ចំណីអាហារ ថ្នាំពេទ្យ របស់ប្រើប្រាស់ចាំបាច់ និងជាពិសេសគឺឧបករណ៍ទាក់ទង។ ស្ថានការណ៍ទូទៅនៅ Tonga គឺមិនទាន់មានការបញ្ជាក់ ឲ្យបានច្បាស់លាស់នោះឡើយ ព្រោះតែប្រព័ន្ធធ្វើទំនាក់ទំនងត្រូវបានកាត់ផ្តាច់ ហើយការទៅដល់នៃយន្តហោះយោធា នូវែលសេឡង់ និងអូស្ត្រាលី នឹងអាចផ្តល់ជាព័ត៌មានបន្ថែម ឲ្យពិភពលោកបានដឹង៕