ប្រទេសកាណាដា បញ្ចប់កិច្ចសន្យាផ្គត់ផ្គង់ស្រោមដៃជាមួយក្រុមហ៊ុន Supermax ម៉ាឡេស៊ី


 (អូតាវ៉ា)៖ ប្រទេសកាណាដាបានឱ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានបញ្ចប់កិច្ចសន្យាផ្គត់ផ្គង់របស់ខ្លួន ជាមួយក្រុមហ៊ុនផលិតស្រោមដៃកៅស៊ូ Supermax Corporation របស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពី មានការចោទប្រកាន់ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថារោងចក្រនានានៅប្រទេសម៉ាឡេស៊ីដែលផលិតផលិតផលនានារាប់ចាប់ពីស្រោមដៃវេជ្ជសាស្រ្តរហូតដល់ប្រេងដូង បានស្ថិតក្រោមការពិនិត្យមើលយ៉ាងខ្លាំង ជុំវិញការចោទប្រកាន់នានាដែលថា រោងចក្រទាំងនោះរំលោភសិទ្ធិកម្មករបរទេស ដែលពួកគេបាន ចូលរួមចំណែកដ៏សំខាន់ក្នុងកម្លាំងពលកម្មសម្រាប់ផលិតកម្មម៉ាឡេស៊ី។

កាណដាបានផ្អាកនាំចូលស្រោមដៃរបស់ក្រុមហ៊ុន Supermax ក្នុងខែវិច្ឆិកា ដោយនិយាយថា ខ្លួន នឹងសម្រេចចិត្តបន្ថែមទៀតនៅដំណាក់កាលបន្ទាប់ ក្រោយពេលទទួលបានរបាយការណ៍សវនកម្ម ជុំវិញការប្រតិបត្តិពាក់ព័ន្ធនឹងកម្លាំងពលកម្មរបស់ក្រុមហ៊ុននេះ។

នាយកដ្ឋានសេវាសាធារណៈនិងលទ្ធកម្មរបស់ប្រទេសកាណាដាបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមរយៈអ៊ីមែលមួយនៅថ្ងៃអង្គារថា៖ «ដោយផ្អែកលើភាពធ្ងន់ធ្ងរនៃការចោទប្រកាន់ និងពេលវេលា ដែលរំពឹងទុកសម្រាប់លទ្ធផលសវនកម្មចុងក្រោយ រដ្ឋាភិបាលកាណាដាបានសម្រេចចិត្ត ហើយ ក្រុមហ៊ុន Supermax Healthcare Canada បានយល់ព្រម បញ្ចប់កិច្ចសន្យាដែលមានស្រាប់ ចំនួនពីរស្តីពីការផ្គត់ផ្គង់ស្រោមដៃ ដោយមានការព្រមព្រៀងគ្នាទៅវិញទៅមក»។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រមិនអាចស្នើសុំការអត្ថាធិប្បាយពីក្រុមហ៊ុន Supermax បានភ្លាមៗទេ។

កាលពីខែវិច្ឆិកា ក្រុមហ៊ុន Supermax បានឱ្យដឹងថា ខ្លួននឹងពន្លឿនដំណើរការមួយដែលក្រុម ហ៊ុនបានចាប់ផ្តើមក្នុងឆ្នាំ២០១៩ដើម្បីឆ្លើយតបទៅនឹងស្តង់ដារការងារដែលកំណត់ដោយអង្គការអន្តរជាតិខាងការងារ (ILO)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕