តម្លៃប្រេងឆៅអាចកើនឡើងខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ


 (ញូវយ៉ក)៖ ធនាគារ Goldman Sachs បានឱ្យដឹងថា តម្លៃប្រេងឆៅប្រទេស Brent អាចកើនឡើង ដល់ខ្ពស់ជាង ១០០ដុល្លារក្នុងមួយបារ៉ែលនៅឆ្នាំនេះ ដោយសារទីផ្សារប្រេងនៅខ្វះខាតប្រេងច្រើន នៅឡើយ ខណៈដែលផលប៉ះពាល់លើតម្រូវការដោយសារវីរុសថ្មីអូមីក្រុង មានតិចជាងការរំពឹង ទុក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្រុមអ្នកវិភាគរបស់ធនាគារ Goldman Sachs បានឱ្យដឹងក្នុងកំណត់ហេតុមួយកាលពីថ្ងៃចន្ទថា ផលប៉ះពាល់លើតម្រូវការប្រេងដោយសារវីរុសថ្មីអូមីក្រុង នឹងទំនងជាប៉ះប៉ូវដោយសារការងាកចេញ ពីការប្រើឧស្ម័នទៅប្រើប្រេងវិញ ការអាក់ខានការផ្គត់ផ្គង់ ការធ្លាក់ចុះផលិតកម្មរបស់ក្រុមប្រទេស OPEC+ និងផលិតកម្មមិនបានតាមការគ្រោងទុកក្នុងប្រទេសប្រេស៊ីល និងប្រទេសន័រវែស។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា តម្រូវការប្រេងពិភពលោកត្រូវបានគេមើលឃើញកើន ឡើង ៣,៥លានបារ៉ែលក្នុងមួយថ្ងៃនៅ ឆ្នាំ២០២២ ធៀបនឹងឆ្នាំ២០២១ ដោយតម្រូវការប្រេងនៅ ត្រីមាសទី៤ ឆ្នាំ២០២១ កើនឡើងដល់ ១០១,៦លានបារ៉ែលក្នុងមួយថ្ងៃ។

ធនាគារ Goldman រំពឹងថា ស្តុកប្រេងរបស់ក្រុមប្រទេសដែលជាសមាជិករបស់អង្គការ OECD នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតគិតចាប់ពីឆ្នាំ២០០០មកនៅរដូវក្តៅខាងមុខ ហើយក្រុមប្រទេស OPEC+ ត្រៀមទម្លាក់ផលិតកម្មដល់កម្រិតទាបបំផុតក្នុងប្រវត្តិសាស្រ្ត ដោយសារកង្វះការខួង អណ្តូងប្រេងក្នុងប្រទេសជាសមាជិករបស់អង្គការ OPEC និងប្រទេសរុស្ស៊ី។

ក្រុមអ្នកវិភាគទាំងនេះបានឱ្យដឹងថា៖ «យើងរំពឹងថាការកើនឡើងផលិតកម្មរបស់ក្រុមប្រទេស OPEC+ នឹងធ្លាក់ចុះ ហើយអាចធ្លាក់ចុះដល់តិចជាងកូតាទៀតផងក្នុងឆ្នាំ២០២២ ដោយមានការ រំពឹងថានឹងកើនឡើងតែ ២,៥លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះពីការដំឡើងផលិតកម្ម ៩លើកបន្ទាប់ ខាងមុខ»។ ធនាគារនេះក៏បានលើកឡើងពីការរំពឹងថានឹងមានការកើនឡើងផលិតកម្មប្រេងក្នុងប្រទេសអ៊ីរ៉ង់ផងដែរនៅត្រីមាសទី២ ឆ្នាំ២០២៣ ដោយលើកឡើងពីវឌ្ឍនភាពទាក់ទងនឹងការចរចាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់។

ធនាគារ Goldman មើលឃើញថា តម្លៃប្រេងប្រភេទ Brent នឹងកើនឡើងដល់ ៩០ដុល្លារក្នុង មួយបារ៉ែលនៅត្រីមាសទី១ ឆ្នាំ២០២២ ដល់់ ៩៥ដុល្លារនៅត្រីមាសទី២ ឆ្នាំ២០២២ និង ១០០ ដុល្លារនៅពីរត្រីមាសចុងក្រោយក្នុងឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕