(ភ្នំពេញ)៖ អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការលើវិស័យសុខភាពជាច្រើនស្ថាប័ន បានស្នើសុំ រាជរដ្ឋាភិបាលកម្ពុជា ដំឡើងពន្ធលើផលិតផលថ្នាំជក់ ដើម្បីកាត់បន្ថយការស្លាប់ ការឈឺ និងពិការ ភាពដែលបណ្ដាល មកពីការប្រើប្រាស់ថ្នាំជក់ និងបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពប្រជា ពលរដ្ឋ។ នេះជាការបញ្ជាក់របស់លោក ទឹម វរ៉ា នាយកប្រតិបត្តិគណៈកម្មាធិការសម្របសម្រួល សកម្មភាពសុខភាព។លោក ទឹម វរ៉ា បានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាវាគ្មិន ក្នុងកិច្ចពិភាក្សាលើវិធានការពន្ធលើផលិតផលថ្នាំជក់ នៅសណ្ឋាគារ សាន់វេ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធមួយចំនួនទៀត។
លោក ទឹម វរ៉ា បានបន្ថែមថា ថ្នាំជក់ជាផលិតផលដែលសម្លាប់ប្រជាជនប្រមាណ៥០% នៃអ្នកដែល ប្រើប្រាស់វា។ ជារៀងរាល់ឆ្នាំនៅទូទាំងសកលលោកមនុស្សប្រមាណ ៧លាននាក់បានស្លាប់ ដោយ កាប្រើប្រាស់ថ្នាំជក់ផ្ទាល់ និងប្រមាណ ១លាននាក់បានស្លាប់ដោយសារតែការស្រូបផ្សែងថ្នាំជក់ ពីគេ។ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ០០០ នាក់ផងដែរ (WHO)។
ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ មន្ត្រីបច្ចេកទេសអង្គការសុខភាពពិភពលោក បាន ឱ្យដឹងថា ការប្រើប្រាស់ថ្នាំជក់បណ្តាលឱ្យកម្ពុជា ខាតបង់គិតជា ថវិកាប្រមាណ ៦៤៩លានដុល្លារ សហរដ្ឋ ដែលស្មើនឹង ៣%នៃGDPរបស់កម្ពុជា។ បើប្រទេសកម្ពុជាដំឡើងពន្ធរហូតដល់ ៧៥% នៃតំលៃបារីលក់រាយ ឱ្យស្របតាម អនុសាសន៍របស់អង្គការសុខភាពពិភពលោក និងធនាគារពិភព លោក កម្ពុជានឹងទទួលពន្ធចំណូលបន្ថែម ២៣៥លានដុល្លារ ក្នុងរយៈពេល៥ឆ្នាំខាងមុខ និង៩៣៣ លានដុល្លារ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ។
លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ការ ដំឡើងពន្ធថ្នាំជក់ជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជា។ ការស្ទង់មតិប្រជាពលរដ្ឋដែលធ្វើឡើងដោយសកលវិទ្យាល័យជាតិ មានជ័យកាលពីឆ្នាំ២០២១ បង្ហាញថាប្រជាពលរដ្ឋកម្ពុជា ៩៤% គាំទ្រវិធានការដំឡើងពន្ធថ្នាំជក់។
ការដំឡើងពន្ធជាយុទ្ធសាស្រ្ត ឈ្នះ-ឈ្នះ ដែលអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ការដំ ឡើងពន្ធថ្នាំជក់ ជាវិធានការដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់ បន្ថយ ការឈឺ ស្លាប់ ពិការភាព ដែលបណ្ដាលមកពីការ ប្រើប្រាស់ថ្នាំជក់ ព្រមទាំងបង្កើតចំណូលពន្ធបន្ថែមយ៉ាងច្រើនដល់រដ្ឋា ភិបាលផងដែរ។ សូមបញ្ជាក់ថា បច្ចុប្បន្នពន្ធថ្នាំជក់នៅប្រទេសកម្ពុជានៅមានអត្រា២៥%នៃតម្លៃ លក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង ៣១%សម្រាប់បារីនាំចូល ដែលអត្រានេះនៅ មានកម្រិត ទាបនៅឡើយ បើធៀបជាមួយអត្រាពន្ធថ្នាំ ជក់នៃប្រទេសអាស៊ានផ្សេងៗទៀត។ អត្រាពន្ធថ្នាំជក់ដែលសមរម្យបំផុត ដែលណែនាំដោយ អង្គការសុខភាពពិភពលោក និងធនាគាពិភ ពលោកគឺ ៧៥% នៃតម្លៃលក់រាយ៕