(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានជូនដំណឹងអំពី ការរក្សាវិធានការសុវត្ថិភាព អំឡុងពេលប្រកាសលទ្ធផល ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ។ លិខិតរបស់ក្រសួងអប់រំបានឲ្យដឹងថា ក្រសួងនឹងប្រកាស លទ្ធផលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ និងនៅខេត្តដទៃទៀតនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២។ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នឹងត្រូវធ្វើឡើងក្នុងបរិការ ណ៍ ដែលប្រជាពលរដ្ឋកម្ពុជា ត្រូវរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងខណៈនៃការរកឃើញករណ៍ថ្មីៗមួយ ចំនួននៃវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីអូមក្រុង។
ឯកឧត្តម រដ្ឋមន្ត្រីអប់រំបានលើកឡើងថា ក្នុងអំឡុងពេលនៃការប្រកាសលទ្ធផលសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ សូមលើកកម្ពស់វិធានការសុវត្ថិភាព ដូចខាងក្រោម៖
១៖ ផ្សព្វផ្សាយជូនដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យបានដឹងថាលទ្ធផល នៃការប្រឡង នឹងត្រូវប្រកាសដោយការផ្សព្វផ្សាយផ្ទាល់នៅមណ្ឌលប្រឡង ហើយក៏នឹងផ្សព្វផ្សាយ នៅលើហ្វេសប៊ុកផ្លូវការ របស់ក្រសួងអប់រំ យុវជន និងកីឡាបន្ថែមទៀត ដូច្នេះបេក្ខជនពុំចាំបាច់មក តាមដានលទ្ធផលនៅមណ្ឌលប្រឡងឡើយ។
២៖ រៀបចំទីតាំងបិទផ្សាយលទ្ធផលប្រឡង ឱ្យនៅដាច់ឆ្ងាយពីទីធ្លារត់លេង ឬ ទីកន្លែងប្រមូលផ្តុំ នៃនិស្សិត សិស្សានុសិស្សដទៃ ហើយត្រូវប្រកាសហាមឃាត់មិនឱ្យនិស្សិត ឬសិស្សានុសិស្ស ដែល មិនពាក់ព័ន្ធនឹងការប្រឡង ចូលទៅកាន់ទីតាំងបិទផ្សាយលទ្ធផលប្រឡងជាដាច់ខាត។
៣៖ ចងខ្សែសញ្ញា ឬដាក់រនាំងខ័ណ្ឌព័ទ្ធជុំវិញទីតាំងបិទផ្សាយលទ្ធផលប្រឡង តាមលទ្ធភាពដែល អាចធ្វើទៅបាន៕