អាមេរិកចាត់ទុកការធ្វើតេស្តមីស៉ីលកូរ៉េខាងជើង ជាការទាក់ទាញចំណាប់អារម្មណ៍ និងជំរុញឲ្យកូរ៉េខាងជើង ចូលរួមកិច្ចសន្ទនាឡើងវិញ


 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២គឺបានប្រាប់ថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) បានថ្លែងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា ប្រទេសកូរ៉េខាងជើងទំនង ជា កំពុងទាក់់ទាញចំណាប់អារម្មណ៍ តាមរយៈការបាញ់តេស្តមីស៊ីល ថ្មីៗនេះ ខណៈលោកផ្ទាល់ ចាត់ទុកថា វាក៏កំពុងបង្កឲ្យមាន «អស្ថិរភាព» ផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានអំពាវនាវជាថ្មីឲ្យកូរ៉េខាងជើង ចូលមកអង្គុយក្នុងតុសន្ទនា ជាមួយសហរដ្ឋអាមេរិក ហើយលោកថែមទាំងបានអះអាងទៀតថា សហរដ្ឋអាមេរិកគ្មានចេតនា     បង្កអរិភាពណាមួយ ចំពោះរបបដឹកនាំរបស់លោក គីម ជុងអ៊ុន នោះឡើយ។

លោក Blinken បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយបណ្តាញសារព័ត៌មានអាមេរិក MSNBC យ៉ាងដូច្នេះថា «ខ្ញុំគិតថា ផ្នែកខ្លះនៃសកម្មភាពនេះ គឺកូរ៉េខាងជើងកំពុងព្យាយាមទាក់ទាញចំណាប់ អារម្មណ៍។ រឿងបែបនេះ ធ្លាប់បានកើតមានឡើងកាលពីមុន ហើយពួកគេក៏ទំនងជាបន្តធ្វើដូច្នេះ ទៀត។ ការធ្វើតេស្តនានារបស់កូរ៉េខាងជើង បង្កឲ្យមានស្ថិរភាពយ៉ាងខ្លាំង… វាជារឿងគ្រោះថ្នាក់ ហើយវាបានបំពានទាំងស្រុងទៅលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»